(ភ្នំពេញ)៖ ក្រុមហ៊ុន សុខហ៊ាន ភីបីយូ ខូអិលធីឌី បានប្រកាសបើកសម្ពោធជាផ្លូវការនូវម៉ាកកម្មវិធីអប់រំកុមារ Nutty Scientists Cambodia នៅ Central Court ជាន់ផ្ទាល់ដីរបស់ផ្សារទំនើប Aeon Mall សាខាសែនសុខ កាលពីវេលាម៉ោង១៖០០រសៀល ដល់ម៉ោង៧៖០០នាទីល្ងាច កាលពីចុងសប្ដាហ៍នេះ ដោយមានការសម្តែងបែបវិទ្យាសាស្ត្រដ៏សប្បាយរីករាយ ដល់កុមារកម្ពុជាជាច្រើនរយនាក់។

កម្មវិធីអប់រំនេះផ្តោតសំខាន់លើ ការបង្រៀនបែបកំសាន្តសប្បាយ និងអនុវត្តជាក់ស្តែងលើមុខវិជ្ជាសំខាន់ៗ ពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម រូបូទិច សុខភាព និងចំណីអាហារ បរិស្ថាន ជាដើម។

គួរកត់សម្គាល់ផងដែរថា Nutty Scientists មានប្រភពមកពីសហរដ្ឋអាមេរិក និងកំពុងដំណើរការជាង៥២ប្រទេស និងសរុបជាង១៧៥ ការិយាល័យ ទូទាំងពិភពលោក ហើយបានបណ្តុះបណ្តាលកុមារជាង៩លាននាក់ មកទល់នឹងពេលបច្ចុប្បន្ននេះ។

លោក សេង សុខហ៊ាន នាយកក្រុមហ៊ុន Nutty Scientists Cambodia បានថ្លែងឲ្យដឹងថា មូលហេតុដែលនាំយកកម្មវិធីនេះ មកប្រទេសកម្ពុជា ដោយលោកមើលឃើញថា នេះជាកម្មវិធីអប់រំកុមារដ៏ទំនើប ដែលមានចំណុចពិសេសជួយធ្វើឲ្យកុមារចូលរួមរៀន អនុវត្តផ្ទាល់តាមបែបសប្បាយៗ ជួយឲ្យកុមារចង់រៀន ជួយអភិវឌ្ឍខួរក្បាលកុមារ មានការចងចាំខ្ពស់ មានភាពក្លាហាន និងមានគំនិត​បង្កើតការច្នៃប្រឌិតខ្ពស់ និងមានចំណាប់អារម្មណ៍ខ្ពស់ លើមុខវិជ្ជាវិទ្យាសាស្ត្រ ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក Karim Atef គ្រូឯកទេសផ្នែកវិទ្យាសាស្ត្រ​ បានថ្លែងថា «Nutty Scientists មានបទពិសោធន៍ជាង២០ឆ្នាំ​ ក្នុងការអប់រំកុមារ រួមជាមួយនឹងវិទ្យាសាស្ត្រល្បីៗ និងឯកទេសអប់រំកុមារជាច្រើនរូបទូទាំងសកលលោក និងកំពុងបន្តអភិវឌ្ឍកម្មវិធីនេះ ឲ្យកាន់តែល្អប្រសើរជាលំដាប់។ យើងបណ្តុះបណ្តាល និងដឹកនាំកុមារឲ្យចង់រៀន ចូលរួមលេងសប្បាយ និងបណ្តុះចំណង់លើមុខវិជ្ជា វិទ្យាសាស្ត្រ តាមរយៈការសម្តែង ការបោះជំរុំ និងសិក្ខាសាលាបែបវិទ្យាសាស្ត្រ»

សូមជម្រាបថា Nutty Scientists Cambodia នឹងទទួលសិស្សកុមារចុះឈ្មោះចូលរៀន ក្នុងកម្មវិធីនេះ ចាប់ពីថ្ងៃនេះតទៅ ដែលមានទីតាំងនៅជាន់ទី៥ ផ្សារទំនើបសុវណ្ណា រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 016 884 456/ 015 549 456 ៕