(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កិច្ចការនគរបាល ប៉ុស្ដិ៍រដ្ឋបាលរយៈពេល៩ខែ ឆ្នាំ២០១៨ ចាប់ផ្ដើមពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងលើកទិសដៅភារកិច្ចបន្ត ។

ពិធីនោះដែរមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការ លោកអធិការនគរបាលរង លោកនាយ នាយរងការិយាល័យ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨១ ឃុំ-សង្កាត់ចូលរួម១៩៧នាក់។

លោកវរសេនីយ៍ទោ រឹម ធីរ៉ាន នាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានអានរបាយការណ៍បូកសរុបការងារលទ្ធផលការងារ កិច្ចការនគរបាល ប៉ុស្ដិ៍រដ្ឋបាលរយៈពេល ៩ខែ ឆ្នាំ២០១៨ និងលើកទិសដៅភារកិច្ចបន្តបានផ្សព្វផ្សាយ «គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ៩យ៉ាង» បានចំនួន២,៨០៨លើក ដោយមានប្រជាជនចូលរួមចំនួន៤៧០,២០១នាក់។

ផ្សព្វផ្សាយវេទិការសាធារណៈចំនួន៤១៩លើក ប្រជាជនចូលរួមចំនួន២៨,៨៧១នាក់។ បន្តការអនុវត្តការងារនគរបាល និងសហគមន៍ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះផ្សព្វផ្សាយការងារនគរបាល និងសហគមន៍ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជ្រួតជ្រាប ដើម្បីទប់ស្កាត់ រាល់បទល្មើសនានាទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការអនុវត្តការងារនគរបាល និងសហគមន៍តាមទំរង់ទាំង៤។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានឯកភាពនូវ របាយការណ៍ដែលអានដោយលោកវរសេនីយ៍ទោ រឹម ធីរ៉ាន និងបានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលមានគុណសម្បត្តិ និងស្នាដៃចំពោះកិច្ចការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងឱកាស ការឃោសនា ស្វែងរកសម្លេងឆ្នោតរបស់គណបក្សនយោបាយ ការពារការិយាល័យបោះឆ្នោត ការពារការបោះឆ្នោត ការពារការដឹកជញ្ជូនសន្លឹកឆ្នោតទៅទីកន្លែងមានសុវត្ថិភាព និងថែរក្សា សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ សាធារណៈរហូតថ្ងៃរៀបចំប្រកាសរដ្ឋាភិបាលស្របជាផ្លូវការ ដោយមានភាពរលូនបំផុត ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ក៏បានណែនាំឱ្យកងកម្លាំងទាំងអស់តាមមូលដ្ឋានឃុំ សង្កាត់ បន្តខិតខំប្រឹងប្រែងបន្ថែមទៀតឱ្យរឹងមាំ ចំពោះការគ្រប់គ្រងស្ថានការណ៍នានា ដើម្បីថែរក្សាបានសុខសន្តិភាព និងភាពសុខុដុមរម្យនារបស់ប្រជាពលរដ្ឋ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ណែនាំដល់នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង៨១ ឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវភារកិច្ចរបស់ខ្លួនឱ្យទទួលបានជោគជ័យ និងបង្កើនការទំនាក់ទំនង ប្រសិទ្ធភាព ការផ្ដល់សេវាសាធារណៈ ដោយឥរិយាបថទន់ភ្លន់សុភាពរាបសារជាមួយប្រជាពលរដ្ឋ ប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព ដោះស្រាយសំណូមពរនានាដល់ប្រជាពលរដ្ឋ។

ទោះបីជាស្ថានភាពបទល្មើស មានការថយចុះក្នុងនោះដែរលោកស្នងការបានដាក់បញ្ជាយ៉ាងតឹងរឹងឲ្យកំលាំងទាំងអស់ធ្វើការត្រួតពិនិត្យកម្លាំងដោយចែកវេនប្រចាំការនៅតាមប៉ុស្តិ៍របស់ខ្លួន២៤ម៉ោង និងការចេញល្បាតតាមមូលដ្ឋាននានាដើម្បីត្រៀមកិច្ចអន្តរាគមន៍ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ បានរក្រើនរំលឹកដល់មន្ត្រីនគរបាល ដែលមានវត្តមានក្នុងអង្គប្រជុំ ត្រូវមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងគោរពតួនាទី ភារកិច្ច តាមឋានានុក្រម តាមវិន័យរបស់កងកម្លាំង នគរបាលជាតិ ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សារណ: សុវត្ថិភាពសង្គម ជូនប្រទេសជាតិ ប្រកបដោយប្រសិទ្ឋភាពខ្ពស់ ជំរុញការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដល់មូលដ្ឋាននានាឱ្យចំគោលដៅ ស៊ីជម្រៅ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានលើកសរសើរ ចំពោះលោកអនុសេនីយ៍ឯក ហង់ ឡែម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាលាវិស័យ ដែលបានដឹកនាំអង្គភាពមានការរីកចម្រើន ប្រកបដោយកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង រឹងមាំ៕