(ភ្នំពេញ)៖ ការតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច មិនត្រឹមត្រូវតាមលក្ខន្តិកៈគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃនោះទេ។ ជុំវិញករណីនេះ ក្រសួងមហាផ្ទៃ បានស្នើឱ្យសម្តេចក្រុមព្រះ ពិនិត្យនិងអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈគណបក្ស។

តាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឱ្យដឹងថា ពាក់ព័ន្ធនឹងការតែងតាំងនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើឱ្យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សរាជានិយមមួយនេះ ពិនិត្យ និងអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

បើតាមលក្ខន្តិកៈរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ប្រកា២៤ បានឱ្យដឹងថា ក្នុងករណីដែលប្រធានគណបក្សអវត្តមាន ឬមកធ្វើការពុំបានដោយប្រកាណាមួយ អនុប្រធានត្រូវបំពេញកិច្ចការជំនួសប្រធានគណបក្សជាប្រធានស្តីទីតាមរយៈលិខិតផ្ទេរសិទ្ធិ។

សូមបញ្ជាក់ថា សម្តេចក្រុមព្រះនរោត្តម រណរទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលកំពុងសម្រាកព្យាបាលសុខភាព នៅក្រៅប្រទេស កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ បានសេចក្តីសម្រេចមួយ តែងតាំងបុត្ររបស់ព្រះអង្គ១រូប គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីរបស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច។

មន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិច បានបង្ហើបប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ មិនមែនជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលត្រូវទទួលបានសិទ្ធិក្នុងការតែងតាំងជាប្រធានស្តីទីគណបក្សនេះនៅឡើយទេ៕