(ភ្នំពេញ)៖ ​អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជាថ្មីម្ដងទៀត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រាប់​ស្នងការនគរបាលរាជធានីភ្នំពេញថ្មី លោកឧត្តមសេនីយ៍ឯក ស ថេត ត្រូវពិនិត្យឡើងវិញជុំវិញការធ្វើសៀវភៅស្នាក់នៅ និងការធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ ដើម្បីធានាថាប្រជាពលរដ្ឋបានធ្វើ និងមានគ្រប់ៗគ្នា។

ថ្លែងក្នុងពិធីតែងតាំងមុខតំណែង ស្នងការនគរបាលរាជធានីភ្នំពេញថ្មី នៅរសៀល​នេះ នៅស្នងការនគរបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ស្នងការថ្មីត្រូវមើលបញ្ហានេះឲ្យបានខ្លាំងក្លា ខណៈ​​ដែលនេះជាបញ្ហាមួយ​ត្រូវតែនាំគ្នាធ្វើឲ្យបានល្អ ពីព្រោះ​​នេះជាតម្រូវការរបស់ប្រជាពលរដ្ឋ។

បើតាមលោកអភិបាលរាជធានីភ្នំពេញ ​​ការខិតខំប្រឹងប្រែងរបស់មន្រ្តីនគរបាល ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនេះ គឺស្របទៅនឹងអ្វីដែលជាគោលនយោបាយ​របស់ រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលបានដាក់ចេញធ្វើយ៉ាងណាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ដើម្បីកុំឲ្យពួកគាត់មានការថ្លាំងថ្នាក់។

ជាមួយគ្នានេះ លោកអភិបាល​ ក៏បានព្រមានចាត់វិធានការតាមច្បាប់កងកម្លាំង ចំពោះមន្រ្តីនគរបាលក្នុងរាជធានីភ្នំពេញ ដែលអសកម្មក្នុងការបម្រើសេវាជូន ប្រជាពលរដ្ឋផងដែរ។

សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ត្រូវបានមកកាន់តំណែងជា ស្នងការនគរបាលរាជធានីភ្នំពេញ ជំនួស​នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យចូលនិវត្តន៍។ នាយឧត្តមសេនីយ៍ ជូន សុវណ្ណ ត្រូវបានព្រះមហាក្សត្រតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តែងតាំងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ស្នងការនគរបាលរាជធានីភ្នំពេញថ្មី លោកឧត្តមសេនីយ៍ ស ថេត ក៏បានធ្វើការប្ដេជ្ញាចិត្តថា​ លោកនឹងបំពេញកាតព្វកិច្ច ឲ្យបានកាន់តែល្អសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ឲ្យស័ក្ដសមទៅជាមួយអ្វីដែលរាជរដ្ឋាភិបាលផ្ដល់ទំនុកទុកចិត្ត។ ពិសេសការងារបង្ការ បង្ក្រាប និងទប់ស្កាត់រាល់គ្រប់បទល្មើសទាំងអស់ ដែលអាចនឹងកើត ឬកើតមានក្នុងភូមិសាស្ដ្រដែលលោកកាន់កាប់៕