(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយម្ចាស់អាជីវកម្ម មួយចំនួននៅក្នុងក្រុងព្រះសីហនុ ក្នុង​គោល​បំណង​ពង្រឹង​ប្រសិទ្ធ​ភាព​ នៃ​ការ​អនុវត្ត​ច្បាប់​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំង​អស់​ ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ច្បាប់​ នៃ​ប្រទេស​កម្ពុជា​ មិន​ត្រូវ​យក​ទីតាំង​របស់​ខ្លួន​ប្រព្រឹត្ត​បទល្មើស​ជា​ដាច់ខាត។

នៅក្នុងកិច្ចជួបសំណេះសំណាលខាងលើនេះ មានការចូលរួមពីអស់លោក លោកស្រី ទទួលផែនជំនាញដោយមានម្ចាស់អាជីវកម្មដូចជា៖ សណ្ឋាគារ-កាស៊ីណូ, ក្លិបកំសាន្ត, ខារ៉ាអូខេ និងម៉ាស្យា ចូលរួមសរុប៨៤នាក់ (​ជនជាតិខ្មែរ៦៣នាក់, ចិន២០នាក់ និងកូរ៉េ០១នាក់)​។

លោកឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិន្ទ​ បានលើក​ឡើង​​៤​ចំណុច​សំខាន់សំខាន់ៗរួមមាន៖

*ទី១៖ ការ​ឧទ្ទេសនាម​ ណែនាំ​ឲ្យ​បាន​ស្គាល់​គ្នា​កុំឱ្យ​មាន​ការ​ភាន់​ច្រឡំ​ សមាសភាព​ថ្នាក់​ដឹកនាំ​នៃ​គណៈ​ស្នងការ
*ទី២៖ សំណូមពរ​ឲ្យ​អាជីវករ​ទាំង​អស់​ទាំង​ខ្មែរ​ និង​បរទេស​ ត្រូវ​គោរព​ច្បាប់​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ចំពោះ​អ្នកប្រើ​ប្រាស់​​យាន​យន្ត​ ត្រូវ​គោ​រព​ផ្លាក​សញ្ញា​ ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​។

ត្រង់ចំណុចនេះលោកឧត្តមសេនីយ៍​ស្នងការ​ បាន​បញ្ជាក់​ថា​ «ជន​បរទេស​ដែល​ប្រើ​ប្រាស់​ប័ណ្ណបើកបរ​ក្លែងក្លាយ​ និង​ជន​ខិល​ខូច​ផ្តល់​ឯកសារ​ក្លែងក្លាយ​ឲ្យ​អ្នក​ទាំង​នោះ​ ត្រូវ​មាន​ទោស​ពី​បទក្លែង​ឯកសារ​សាធារណៈ​ ​និង​ប្រើប្រាស់​ឯកសារ​ខុស​ច្បាប់​ត្រូវ​មាន​ទោស​ មិន​អាចលើក​លែង​បាន​ឡើយ​»

*ទី៣៖ ក្លឹប​ឌីស្កូ​ ខារ៉ាអូខេ​ ត្រូវ​គោរព​ច្បាប់​ទីតាំង​ត្រូវ​មាន​ប្រព័ន្ធ​គ្រប់គ្រង​សន្តិសុខ​ សុវត្ថិភាព​ ​កម្លាំង​សន្តិសុខ​ឯកជន​ត្រូវ​មាន​ឯក​សារ​អត្តសញ្ញាណ​ប័ណ្ណ​ត្រឹមត្រូវ​។ ម្ចាស់​អាជីវកម្ម​ មិន​ត្រូវ​ចែកចាយ​ ប័ណ្ណ​រូបភាព​អាស​អាភាស​ មិន​ត្រូវ​ឆ្លៀតឱកាស​យក​ទីតាំង​ទៅ​ រក​ស៊ី​ប្រព្រឹត្ត​បទល្មើស​ខុស​ច្បាប់​ ជួញដូរ​មនុស្ស​ ជួញដូរប្រើ​ប្រាស់​គ្រឿង​ញៀន​ និងបនពេស្យាចារ​ដាច់​ខាត។
*ទី៤៖ ត្រូវ​មាន​ការ​យោគ​យល់​គោរព​ច្បាប់​ទាំង​អស់​គ្នា​រួម​គ្នា​ ការពារ​សុវត្ថិភាព​ សន្តិសុខ​ ដើម្បី​ការពារ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ឲ្យ​មាន​ការ​រីក​ចម្រើន​មាន​សន្តិសុខ​សណ្តាប់​ និងសុវត្ថិភាព​ល្អ៕