(ពោធិ៍សាត់)៖ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធក្នុងករណីឆបោកប្រាក់តាមវីងវេលុយ រួមទាំងដកហូតបាននូវប្រាក់ដុល្លារក្លែងក្លាយជិត២ម៉ឺន និងសម្ភារមួយចំនួន នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់។

ការចុះបង្ក្រាបមុខសញ្ញាឆបោកតាមវីងវេលុយនេះ ធ្វើឡើងដោយមានការសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ ទើបកម្លាំងជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះឃាត់តែម្តង។

កម្លាំងចុះប្រតិបត្តិការបានឱ្យដឹងថា ស្រ្តីសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ ហុក វុទ្ធតី ហៅឈាងម៉ៃ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នមានទីលំនៅភូមិកាប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ការឃាត់ខ្លួនស្រ្តីសង្ស័យខាងលើនេះ អនុវត្តឡើងតាមពាក្យបណ្ដឹងរបស់ឈ្មោះ អ៊ឹម ដារ័ត្ន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងពាក្យបណ្ដឹងជនរងគ្រោះ ស្រ្តីសង្ស័យបានឆបោកប្រាក់ដុល្លាតាមវីងវេលុយចំនួន៤០០ដុល្លារ និងចំនួន៣លានរៀលទៀត ក្នុងអំឡុងខែសីហា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ ក្នុងនោះកម្លាំងដកហូតនូវវត្ថុតាង និងសម្ភាររួមមាន៖ ប្រភេទក្រដាស់ប្រាក់១០០ដុល្លារ ចំនួន១៥៣០០ដុល្លារ ទូរស័ព្ទដៃចំនួន១គ្រឿង ខ្សែក១ខ្សែ លោហធាតុពណ៌លឿង នាឡិកាដៃចំនួន ២គ្រឿង អត្តសញ្ញាណសញ្ជាតិខ្មែរ១សន្លឹក និងកាបូបដៃ០១។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនរួមទាំងវត្ថុតាង និងសម្ភារបាននាំយកទៅបន្តនីតិវិធី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដើម្បីបំពេញសំណុំបែបបទ និងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់៕