(ព្រះវិហារ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ​និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទំនិញ ដោយបានរកឃើញទំនិញខូចគុណភាពមួយចំនួនធំ ដែលបានតាំងលក់ក្នុងផ្សារអូរជុញ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួចហើយបានរឹបអូសរៀបចំដុតកម្ទេចចោល។

លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅល្ងាចថ្ងៃនេះថា ជាលទ្ធផលបានរកឃើញ​ និងធ្វើការដកហូតទំនិញខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនមុខរួមមាន៖ ទឹកដោះគោជូរ ចំណុះ១៧.៤០លីត្រ, ទឹកក្រូចចម្រុះ ចំណុះ៤១.៤៥លីត្រ, ទឹកសុីរ៉ូ ចំណុះ៣លីត្រ, ទឹកត្រី ចំណុះ៧.៥៤លីត្រ និងមីម៉ាម៉ា ទម្ងន់២.៨៨គីឡូក្រាម ក្រោយពីធ្វើការពិនិត្យរួច យើងបានធ្វើការដកហូតរួចយកទៅដុតកម្ទេចចោលផងដែរ។

ជាមួយគ្នានោះផងដែរ លោកប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ ក៏បានអប់រំណែនាំដល់បងប្អូនអាជីវករអ្នកលក់ដូរ សូមមេត្តាត្រួត ពិនិត្យមើលរាល់ទំនិញដែលបានទិញ មកតាំងលក់សូមពិនិត្យមើលកាលបរិច្ឆេទប្រើប្រាស់ ឱ្យបានច្បាស់លាស់ និងកន្លែងតាំងលក់ទំនិញឱ្យបានត្រឹមត្រូវជៀសវាងត្រូវកំដៅថ្ងៃ បណ្តាលឱ្យទំនិញខូចគុណភាព និងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលបានទិញយក ទៅប្រើប្រាស់ផងដែរ៕