(ភ្នំពេញ)៖ ជាថ្មីម្តងទៀត លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្តទម្លាយរឿងអាស្រូវដ៏ស្មោកគ្រោករបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រើប្រាស់ឧបាយកលទុច្ចរិត ធ្វើអាជីវកម្មនាំពលរដ្ឋខ្មែរទៅរស់នៅក្រៅប្រទេស។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កន្លងទៅនៅពេលដែលមានពលរដ្ឋខ្មែរណាដែលមានទ្រព្យសម្បត្តិច្រើនចង់ទៅរស់នៅក្រៅប្រទេស ទណ្ឌិត សម រង្ស៊ី នេះបានយកប្រាក់ពីពួកគេហើយក្លែងលិខិតថា អ្នកទាំងនោះគឺជាសកម្មជនរបស់ខ្លួននៅកម្ពុជាដែលរងការគំរាមកំហែង ដើម្បីធ្វើយ៉ាងណាឱ្យសហរដ្ឋអាមេរិក និងអឺរ៉ុប ផ្តល់សិទ្ធិជ្រោកកោណដល់ពួកគេ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ ៖ «វីរៈជននយោបាយ រត់ចោលស្រុកដូច សម រង្ស៊ី នេះ ក្រៅពីទទួលលុយពួកយួនសេរី និងពួកម៉ុងតាញ៉ាយួនហើយនឹងធ្វើអាជីវកម្ម នយោបាយលើខ្មោចអ្នកគាំទ្រខ្លួននោះ នៅមានអាជីវកម្មធ្វើក្រដាសលក់ឲ្យអ្នកមានលុយណាដែលចង់បានសិទ្ធិរស់នៅអាមេរិក និងអឺរ៉ុបថែមទៀត ដោយក្រុមនេះធ្វើលិខិតថា អ្នកនោះជាសកម្មជនរបស់ខ្លួន ដែលរងការគំរាមកំហែងពីអ្នកមានអំណាចនៅស្រុកខ្មែរ មុនអាចវិលត្រឡប់មកស្រុកខ្មែរវិញបាន... ដោយធ្វើឯកសារលិខិតបែបនេះយកលុយ ពីអ្នកមានលុយ កុហកអាមេរិក កុហក់អឺរ៉ុប ដើម្បីដាក់សុំសិទ្ធិរស់នៅអាមេរិក ឬអឺរ៉ុប»

សូមបញ្ជាក់ថា ក្រៅពីការបកអាក្រាត លោក សម រង្ស៊ី អំពីការធ្វើអាជីវកម្មតាមរយៈការនាំពលរដ្ឋខ្មែរទៅរស់នៅក្រៅប្រទេសនេះ អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ដែលដឹងរឿងពិតរបស់ សម រង្ស៊ី និងក្រុមប្រឆាំងនៅក្រៅប្រទេស ក៏បានហែកកេរ្តិ៍រឿងអាស្រូវរបស់ សម រង្ស៊ី ដែលបានធ្វើអាជីវកម្មតាមរយៈការយកការស្លាប់របស់កូនចៅ មួយចំនួននៅស្រុកខ្មែរ ដើម្បីរៃអង្គាសថវិកាដាក់ហោប៉ៅរបស់ខ្លួននៅក្រៅប្រទេសផងដែរ។

លោក សួន សេរីរដ្ឋា ដែលធ្លាប់រស់នៅសហរដ្ឋអាមេរិកច្រើនឆ្នាំបានបញ្ជាក់ថា៖ «សម រង្ស៊ី និងក្រុមអ្នកនយោបាយនិយម សម រង្ស៊ី គឺជាក្រុម "វីរៈជនរត់ចោលស្រុក" ដែលចូលចិត្តធ្វើនយោបាយយកទឹកចិត្តស្មោះត្រង់របស់អ្នកគាំទ្រ ទៅធ្វើអាជីកម្មយកលុយដាក់ហោប៉ៅ ដើរចាយសប្បាយនៅក្រៅប្រទេស។ បើមានអ្នកជឿ អ្នកដើរតាម សម រង្ស៊ី ត្រូវស្លាប់ក្នុងព្រឹត្តិការណ៍បាតុកម្ម ឬក៏ជាប់គុកនោះគឺ សម រង្ស៊ី សប្បាយចិត្តបំផុត ព្រោះខ្លួនគាត់ដែលជា វីរៈជនរត់ចោលស្រុកនោះ នឹងបានយកការស្លាប់ និងការជាប់គុករបស់ អ្នកគាំទ្រនេះ ទៅធ្វើបុណ្យរៃអង្គាសយកលុយចាយ ដោយគ្រាន់តែផ្ញើក្បាលកាក់ក្បាលសេន តិចតួចមកឲ្យគ្រួសារជនរងគ្រោះ រួចថតរូបយករូបថត ទៅបោកអ្នកជួយលុយប៉ុណ្ណោះ»