(ភ្នំពេញ)៖ ស្រ្តីឈ្មោះ សំ សុខា សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលបានយកស្បែកជើងគប់រូបសម្ដេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន កន្លងទៅនៅ ខេត្តព្រះសីហនុ រហូតត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន និងត្រូវបានតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារនោះនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសរសេរលិខិតសុំអភ័យទោសមួយ ដើម្បីស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា ជួយលើកលែងទោស ឬបន្ថូរបន្ថយទោស បន្ទាប់ពីបានដឹងពីកំហុសរបស់ខ្លួនប្រព្រឹត្តកន្លងមក។

ស្រ្តីរូបនេះ កំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ តាំងពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨មកម្ល៉េះ។ នាងត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ ចោទប្រកាន់ និងផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ និងពិន័យជាប្រាក់៥លានរៀល ពីបទ «ប្រមាថ និងញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តទៅនៅចំណុចផ្លូវលេខ៤៥ ចន្លោះគីឡូម៉ែត្រលេខ ៤-៥ ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧។

លិខិតសុំអភ័យទោស ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្រ្តី សំ សុខា បានបញ្ជាក់យ៉ាង ដូច្នេះថា «នាងខ្ញុំបានដឹងនូវកំហុសរបស់ខ្លួនហើយ នាងខ្ញុំពិតជាមានការសោកស្តាយចំពោះអំពើដ៏ល្ងង់ខ្លៅរបស់នាងខ្ញុំ ដែលបានយកស្បែកជើងគប់ស្លាកគណបក្សប្រជាជនកម្ពុជា និងជេរប្រមាថថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារកន្លងមក។ នាងខ្ញុំកំពុងជាប់ក្នុងពន្ធនាគារ ហើយទទួលបានការអប់រំណែនាំពីមន្ត្រីពន្ធនាគារ និងបានដឹងពីកំហុស របស់នាងខ្ញុំគ្រប់គ្រាន់ហើយ»

សូមជម្រាបថា​ ស្រ្តី សំ សុខា ធ្លាប់បានចេញវីដេអូឃ្លីបដោយជេរប្រមាថធ្ងន់ៗ ទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជន ថែមទៀតរួមមាន សម្តេចតេជោ ហ៊ុន សែន, សម្តេចពញាចក្រ ហេង​ សំរិន និងសម្តេចក្រឡាហោម ស ខេង ជាដើម។ ក្រោយធ្វើសកម្មភាពបែបនេះ ស្ដ្រីរូបនេះក៏បានរត់គេចខ្លួនចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ។ ស្រ្តីរូបនេះត្រូវបានចាប់ខ្លួន នៅតាមព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីបានរត់គេចខ្លួន ទៅសម្ងំនៅក្នុងប្រទេសថៃ អស់រយៈពេលជាយូរខែ មកនោះ។

ការចាប់ខ្លួនស្ដ្រីរូបនេះត្រូវបានធ្វើឡើង ក្រោយ​លោក ស៊ឹង វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ ឲ្យចាប់ខ្លួន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។ ដីកានោះបានបញ្ជាក់ថា ស្ដ្រីឈ្មោះ សំ សុខា អាយុ៣៨ឆ្នាំ ត្រូវបានដាក់ស្ថិតក្រោមការពិនិត្យពីបទ «ប្រមាថ និងញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តទៅនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៤៥ ចន្លោះគីឡូម៉ែត្រលេខ៤-៥ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕