(ភ្នំពេញ)៖ មន្ត្រីកាំកុងត្រូលនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួនពីរទៀតនៅតាមបណ្តោយផ្លូវទំនប់ កប់ស្រូវបានលក់ប្រេងមិនគ្រប់ចំណុះ និងបន្លំគុណភាព។

នៅព្រឹកថ្ងៃនេះក្រុមត្រួតពិនិត្យប្រេងឥន្ធនៈអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មតាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំដោយ លោក មាន ចំណាប់ ជាអនុប្រធាននាយកដ្ឋានបានសហការជាមួយមន្រ្តីជំនាញរបស់មន្ទីពិសោធន៍ ចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូមួយចំនួន នៅតាមខណ្ឌមួយចំនួនលើបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ការពារគ្រឿងម៉ាស៊ីននៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថានដែលកើតចេញពីចំហេះប្រេងឥន្ធនៈមិនសមស្រប និងពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំ។

លោក មាន ចំណាប់ បានឲ្យដឹងថា ការត្រួតពិនិត្យគុណភាព និងបរិមាណនេះគឺផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពី កុងទ័រតាមទំហំផ្សេងខុសគ្នាមានចំណុះ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត។

ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាពនិងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ និងដេប៉ូ ០៥កន្លែងនៅទីតាំងខាងលើនេះ មានស្ថានីយ និងដេប៉ូ ០២កន្លែង បានអនុលោមភាពលើផ្នែកគុណភាព និងរង្វាស់រង្វាល់។ ចំណែកដេប៉ូ ០១កន្លែងទៀតមានកង្វះបរិមាណប្រេងមិនត្រឹមត្រូវតាមបទដ្ឋានរង្វាស់រង្វាល់ និងដេប៉ូ ០១កន្លែងទៀតមិនត្រឹមត្រូវទាំងអនុលោមភាពលើផ្នែកគុណភាព និងរង្វាស់រង្វាល់។ ដោយឡែក ដេប៉ូ ០១កន្លែងទៀត មិនព្រមចូលរួមសហការជាមួយក្រុមការងារនោះឡើយ។

ក្រោយពិនិត្យឃើញបែបនេះ ក្រុមមន្ត្រីត្រួតពិនិត្យ បានឲ្យម្ចាស់ស្ថានីយ និងដេប៉ូធ្វើកិច្ចសន្យាកែតម្រូវម៉ាស៊ីនលក់ប្រេងតាមការធ្វើព្យាសកម្មឲ្យបានត្រឹមត្រូវឡើងវិញតាមរយៈស្ថាប័នមានសមត្ថកិច្ចជំនាញ។

លោក មាន ចំណាប់ បានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនឹងបន្តធើ្វការត្រួតពិនិត្យឲ្យ បានគ្រប់ស្ថានីយទាំងអស់ទូទាំងប្រទេសកម្ពុជា ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់។

លោក ក៏បានអំពាវនាវដល់ក្រុមហ៊ុន/ដេប៉ូ ដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈមិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះសោធនឹងត្រូវទទួលរងនូវចំណាត់ការតាមនីតិវិធីនៃច្បាប់ជាធរមាន។

លោកអនុប្រធាន ក៏បានបញ្ជាក់ផងដែរ អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មីលក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អហើយគ្រប់ចំនួនលីត្រ ពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ចមុនពេលចាក់តាមដានដំណើរការនៃលេខកុងទ័រ ដែលត្រូវចាប់ផ្កើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រចុងក្រោយ ដែលបានស្នើតាមដានសេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្ន សុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះពេលចាក់បំពេញប្រេងក្នុងស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាពជាយថាហេតុណាមួយ៕