(រតនគិរី)៖ រយៈពេល២ថ្ងៃ គឺថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រុមការងារដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការនគរបាលខេត្តរតនគីរី និងលោកឧត្តមសេនីយ៍ត្រី ហេង រតនៈ ស្នងការរងទទួលផែនព្រំដែន បានចូលរួមប្រជុំជាមួយកងទ័ពការពារព្រំដែនខេត្តកន្ទួម ប្រទេសវៀតណាម។

ក្រុមងារងាររបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះថា កិច្ចប្រជុំនេះប្រព្រឹត្តធ្វើឡើងនៅចំណុចមុំ០៣កន្ទុយនាគ (កម្ពុជា-វៀតណាម-ឡាវ) ដែលភាគីកម្ពុជាមានចំនួន៣០រូប (ប្រតិភូស្នងការដ្ឋាន, នគរបាលវរការពារព្រំដែនលេខ២០៣, យោធា, បរិស្ថាន, រដ្ឋបាលព្រៃឈើ)។

រីឯភាគីខាងកងទ័ពវៀតណាម មានចំនួន៣៧រូប និងភាគីឡាវចំនួន១៣រូប (កម្លាំងច្រកទ្វារភូគឿ, កម្លាំងប៉ុស្តិ៍៥៤១)។

ភាគីទាំង០២ បានពិនិត្យទីតាំងជាក់ស្តែង ក្នុងសកម្មភាពកិច្ចសហប្រតិបត្តិការសន្តិសុខ, សុវត្ថិភាពតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម-ឡាវ ដើម្បីបង្ហាញពីភាពស្និទ្ធស្នាល ចំណងសាមគ្គីភាព និងមិត្តភាពនោះគឺភាគីទាំង០២បានដាំដើមឈើចំនួន២៥៦កូនឈើ លើផ្ទៃដី៨,៨៨៥ម៉ែត្រការ៉េ (ខាងកម្ពុជា)។

សូមបញ្ជាក់ថា ភាគីទាំង០២នឹងជួបគ្នាម្តងទៀត ដែលប្រព្រឹត្តទៅនៅថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ៕