(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីពេលថ្មីៗកន្លងទៅនេះ បានលើកឡើងថា អាជ្ញាធរខេត្ត នឹងរៀបចំពិធីបុណ្យអុំទូកជាលើកដំបូងនៅតាមដងស្ទឹងពោធិ៍សាត់ ទល់មុខផ្លូវចូលវត្តពាលញែក ផ្លូវលេខ១០១ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក និងជាមុខមាត់របស់ខេត្តពោធិ៍សាត់ ដែលនឹងត្រូវប្រព្រឹត្តទៅនាថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។

នៅក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានថ្លែងឲ្យដឹងថា កីឡាករ-កីឡាការិនី អំទូកងទាំងអស់តម្រូវឱ្យស្លៀកសំលៀកបំពាក់បុរាណ ហើយសំលៀកបំពាក់ទាំងនោះជាការឧបត្ថម្ភរបស់ លោក និងលោកស្រីផ្ទាល់ ដោយគិតមកដល់ពេលនេះ មានចំនួន៧៥០ឈុត ស្នើនឹង១២គូ នៃចំនួនទូកខ្នាតអន្តរជាតិដែលត្រូវចូលរួមប្រគួត។

លោកបានថ្លែងបន្តទៀតថា ដើម្បីឱ្យខេត្តពោធិ៍សាត់ កាន់តែមានភាពទាក់ទាញពីភ្ញៀវជាតិ និងអន្តរជាតិនោះ គ្រប់មន្ទីរ អង្គភាព អាជ្ញាធរក្រុង វិស័យឯកជន និងអង្គការដៃគូ ត្រូវចូលរួមសហការ កែលម្អសោភ័ណភាពតាមដងមាត់ស្ទឹងឱ្យបានស្អាតល្អ ដើម្បីឱ្យដំណើរការទៅមានភាពរលូន និងជាមុខមាត់របស់ខេត្តផងដែរ។

លោកព្រឹទ្ធាចារ្យ ម៉ៅ សោភ័ណ្ឌ អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ និងជាប្រធានគ្រប់គ្រងបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បានថ្លែងឲ្យដឹងដែរថា ខេត្តពោធិ៍សាត់ ពិតជាមានភ័ព្វសំណាងណាស់ ដែលមានអភិបាលខេត្តយកចិត្តទុកដាក់ គិតគូរពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងសិល្បៈ រៀបចំពិធីផ្សេងៗឡើង ជាក់ស្តែងដូចជាពិធីបុណ្យអុំទូក ដែលពុំធ្លាប់មានទាល់តែសោះក្នុងទឹកដីខេត្តពោធិ៍សាត់។

លោកបានបន្ថែមទៀតថា នាថ្ងៃទី១៩-២០ ខែវិច្ឆិកាខាងមុខ លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី នឹងអញ្ជើញជាអធិបតី ក្នុងពីធីបុណ្យអុំទូកដែលមាន ទូកខ្នាតអន្តរជាតិចំនួន១២គូ ធ្វើឡើងនៅតាមដងស្ទឹងពោធិ៍សាត់ ទល់មុខផ្លូវចូលវត្តពាលញែក ផ្លូវលេខ១០១ មិនតែប៉ុណ្ណោះ ថ្ងៃសំពះព្រះខែ និងអកអំបុក នៅលើកោះសំពៅមាស លោកនឹងរៀបចំ គ្រឿងរន្តាប់ បុសបុក និងពិធីការ ជាមួយនឹងសម្លៀងបំពាក់ប្រពៃណីបុរាណ សំពត់ចងក្បិន អាវកត្រង់ទៅតាមថ្ងៃ ដោយភ្ជាប់នឹងឈុតព្រះថោងតោងស្បៃ បង្ហាញពីស្នេហារវាងយុវជន យុវនារីខ្មែរ សម័យអង្គរ និងឈុតនាងទាវចូលម្លប់ បានជួបគ្នាជាមួយទុំ បង្ហាញពីស្នេហារវាងយុវជន យុវនារីខ្មែរ សម័យលង្វែក ជូនប្រជាពលរដ្ឋទស្សនា អបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកផងដែរ៕