(កំពង់ធំ)៖ គិតមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ នគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ និងអាជ្ញាធរពាក់ព័ន្ធ បានអនុវត្តន៍វិធានការក្តៅគគុកទៅលើរថយន្តតទ្រុង និងកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលកំពុងធ្វើចរាចរណ៍លើដែនសមត្ថកិច្ចរបស់ខេត្តកំពង់ធំ ជាក់ស្តែងចំពោះរថយន្តកែច្នៃ និងតទ្រុងខុសលក្ខណៈបច្ចេកទេស គឺធ្វើការឃាត់ទុក និងកាត់ទ្រុងនៅនឹងកន្លែងគោលដៅអនុវត្តន៍តែម្តង។ 

យោងលើស្មារតីអង្គប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្ត ដែលដឹកនាំដោយលោក សុខ លូ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ បានចាត់ឲ្យមន្ត្រី កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធអនុវត្តន៍ច្បាប់លើរថយន្តតទ្រុង និងកែច្នៃខុសលក្ខណៈបច្ចេកទេស និងក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ។ ជាក់ស្តែងកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធទូទាំងខេត្តកំពង់ធំបានអនុវត្តន៍នូវយុទ្ធនាការនេះយ៉ាងក្លៀវក្លា នៅគ្រប់គោលដៅដែលបានកំណត់រួចជាស្រេច។

លោកវរសេនីយ៍ឯក ផល ធឿន អធិការនគរបាលស្រុកប្រាសាទបល្ល័ង្កបានលើកឡើងថា ការអនុវត្តវិធានការក្តៅលើរថយន្តតទ្រុង និងកែច្នៃខុសលក្ខណៈបច្ចេកទេសនេះ គឺដើម្បីទប់ស្កាត់ការដឹកសំពីងសំពោង គ្មានសណ្តាប់ធ្នាប់ ដែលជាបញ្ហាមួយនៃការជះឥទ្ធិពលនៃកត្តាការរួមផ្សំគ្រោះថ្នាក់ចរាចរណ៍ ភាពគ្មានសណ្តាប់ធ្នាប់ក្នុងសង្គម និងជាមូលហេតុ​ដែលធ្វើខូចនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងតូច និងធំនារដូវវស្សានេះ។

លោកបន្តថា យុទ្ធនាការនេះបានអនុវត្តជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ មករហូតដល់លែងមានរថយន្តតទ្រុង និងកែច្នៃខុសលក្ខណៈបច្ចេកទេស ធ្វើចរាចរណ៍ និងដឹកជញ្ជូនសំពីងសំពោងលើផ្លូវក្នុងខេត្តកំពង់ធំ ហើយចំពោះរថយន្តកែច្នៃ និងតទ្រុងខុសលក្ខណៈបច្ចេកទេស គឺធ្វើការឃាត់ទុក និងកាត់ទ្រុង នៅនឹងកន្លែងគោលដៅអនុវត្តន៍តែម្តង។ ជាមួយគ្នានេះដែរលោក ផល ធឿន បានសំណូមពរដល់ម្ចាស់យានយន្ត និងប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយមានការយោគយល់អធ្យាស្រ័យក្នុងពេលបើកបរ៕