(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះពិនិត្យទំនិញម្ហូបអាហារ នៅផ្សារ បឹងខ្នារ ស្ថិតនៅឃុំ បឹងខ្នារ និងផ្សារត្រពាំងជង ស្ថិតនៅឃុំ ត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅក្នុងការចុះអង្កេតផ្សារបឹងខ្នារ និងផ្សារត្រពាំងជងខាងលើ ក្រុមការងារ ធ្វើតេស្តបឋមលើ សាច់ក្រក ត្រីងៀត លតស្វិត បាញ់ឌុក និងធ្វើការ ត្រួតពិនិត្យទំនិញម្ហូបអាហារ ជាលទ្ធផលល្អ។

ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ប៉ុន្តែក្រុមការងារ បានរឹបអូសទំនិញខូចគុណភាព និងទំនិញហាមបានចំនួន ០៣មុខ ស្មើ១៤៤.៥ Kgs មានដូចជា៖ នំកំទេចមី នំចង្កាក់ត្រី និងទឹកក្រូច ដោយធ្វើកំណត់ហេតុ ត្រឹមត្រូវ យកមកដុតកំទេចចោល នៅនឹងកន្លែង។

ឆ្លៀតឱកាសនោះដែរ ក្រុមការងារ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់នៅនៅផ្សារ ដើម្បីឲ្យពួកគាត់ បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការ បរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ក្នុងម្ហូបអាហារ។

លោក តូច ចៅកុយ ក៏បានធ្វើការណែនាំ ដល់អាជីវករលក់ដូរទាំងអស់ អំពីអនាម័យ និង របៀបដាក់តាំងលក់ទំនិញ ឲ្យបានត្រឹមត្រូវស្របទៅតាមយថា ប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗ ផងដែរ និងបានសំណូមពរ ដល់អាជីវករនៅក្នុងផ្សារទាំងពីរ ឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទ នៃទំនិញ និងហាមដាក់ តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះផងដែរ៕