(ភ្នំពេញ)៖ យើងខ្ញុំ ក្នុងនាមថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ នៃអង្គភាពព័ត៌មាន Fresh News មានក្ដីរន្ធត់តក់ស្លុតឥតឧបមា ក្រោយពីបានទទួលដំណឹងយ៉ាងក្រៀមក្រំថា លោកវេជ្ជបណ្ឌិត BEAT RICHNER បានទទួលមរណភាពនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០២ និង៤៥នាទីព្រឹក ត្រូវនឹងថ្ងៃអាទិត្យ១៤រោច ខែស្រាពណ៏ ឆ្នាំច សំរិទ្ធីស័ក ព.ស.២៥៦២ ក្នុងជន្មាយុ ៧១ ឆ្នាំដោយជរាពាធ។

ក្នុងបរិយាកាសដ៏សែនក្ដុកក្ដួលនេះ ខ្ញុំសូមសម្ដែងនូវការសោកស្ដាយអាឡោះអាល័យជាអនេក និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព។
មរណភាពរបស់លោកវេជ្ជបណ្ឌិត BEAT RICHNER គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូប ដែលបានលះបង់កំលាំងកាយ ចិត្ត ស្ទើរពេញមួយជីវិតលើការងារមនុស្សធម៌សម្រាប់ប្រជាជនកម្ពុជា តាមរយៈការបង្កើតមន្ទីរពេទ្យគន្ធបុប្ផា និងផ្ដល់សេវាព្យាបាល ដោយពុំគិតថ្លៃសំរាប់កុមារ ដែលបានរួម ចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៏វិស័យសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមគុណបុណ្យព្រះរតនត្រៃ វត្ថុសក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា បារមីថែរក្សាទឹកដីកម្ពុជា, សូមតាមប្រោសប្រទាន សព្វសាធុការពរ ជូនដួងវិញ្ញាណក្ខន្ធរបស់លោក បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ៕