(ចិន)៖ តំបន់ខ្ពង់រាប ឈីងហាយ-ទីបេ ត្រូវបានគេដាក់ឈ្មោះឲ្យថាជា​ «ឃ្លាំងស្តុកទឹករបស់ទ្វីបអាស៊ី» ដោយសារទន្លេជាច្រើននៅអាស៊ី មានប្រភពចេញពីទីនេះ។ បច្ចុប្បន្ន តំបន់នេះកំពុងមានបញ្ហាអតុល្យភាព នៃប្រព័ន្ធទឹករបស់វា។ នេះបើយោងតាមក្រុមអ្នកស្រាវជា្រវមួយក្រុម របស់ប្រទេសចិន ដែលមកធ្វើការស្រាវជ្រាវជាទ្រង់ទ្រាយធំ លើកទី២ នៅតំបន់នោះ។

ការស្រាវជ្រាវ ដែលដឹកនាំដោយបណ្ឌិតសភាវិទ្យសាស្ត្រចិន មានក្រុមអ្នកស្រាវជ្រាវចូលរួម ចំនួនជាង៦០ក្រុម នៅតំបន់ទីបេ ដែលជាឃ្លាំងស្តុកទឹកកកធំបំផុត លំដាប់ទី៣ក្នុងពិភពលោក។ គេចាត់ទុកតំបន់ខ្ពង់រាបនេះ ថាមានសារៈសំខាន់ស្មើនឹងតំបន់ប៉ូលខាងជើង និងប៉ូលខាងត្បូងទៅហើយ បើនិយាយអំពីតួនាទីរបស់វា ក្នុងការគ្រប់គ្រងអាកាសធាតុក្នុងពិភពលោក និងការព្យាករណ៍ការប្រែប្រួលអាកាសធាតុរបស់ពិភពលោកទាំងមូល។

ប៉ុន្តែ លទ្ធផលស្រាវជ្រាវចុងក្រោយបំផុត ដែលរៀបរៀងដោយក្រុមអ្នកស្រាវជ្រាវទាំងនេះ បង្ហាញថា ស្ថានភាពដុំទឹកកក បឹង និងទន្លេ នៅតំបន់ខ្ពង់រាប ឈីងហាយ-ទីបេ កំពុងផ្លាស់ប្តូរយ៉ាងខ្លាំង។

បទបង្ហាញ លោក ស៊ូ ប៉ឈីង អ្នកស្រាវជ្រាវ វិទ្យាស្ថានឈីងហាយទីបេ បណ្ឌិតសភាវិទ្យាសាស្ត្រចិន «វាមានអតុល្យភាពចំនួន៣ចំនុច»។ ចំនុចទី១ គឺអតុល្យភាពរវាងអត្រាទឹកកក និងទឹករាវ ដោយផ្ទាំងទឹកកក និងជម្រាលភ្នំមានទឹកកក តិចជាងមុន ហើយទន្លេនិងបឹងវិញ មានទឹករាវកាន់តែច្រើន។ ចំនួនទឹកកកដែលរលាយ បានកើនឡើងហើយ។

ឯចំនុចទី២នោះ គឺអតុល្យភាពនៅក្នុងផ្ទៃផ្ទាំង ទឹកកកតែម្តង ដោយសារតែផ្នែកខាងក្នុងនៃផ្ទាំងទឹកកក ឡើងក្តៅកាន់តែខ្លាំង។ ចំនុចទី៣ គឺតំបន់ខ្ពង់រាបនេះ ចែកចាយទឹកទៅកាន់តំបន់ផ្សេងៗ មិនស្មើគ្នាទេ ដោយវាបញ្ជូន ទឹកទៅប៉ែកខាងកើត និងខាងជើង ច្រើនជាងបញ្ជូនទៅប៉ែកខាងលិច និងខាងត្បូង។

ក្នុងរយៈពេល៥០ឆ្នាំ កន្លងមកនេះ ផ្ទាំងទឹកកក និងជម្រាលភ្នំទឹកកក បានចាប់ផ្តើមរលាយកាន់តែលឿន ជាហេតុនាំឲ្យទឹកទន្លេឡើងខ្ពស់ជាងមុន។ អស់រយៈពេលជាង៦០ឆ្នាំមកហើយ ដែលផែនដីបន្តឡើងកម្តៅ កាន់តែក្តៅ ក្នុងល្បឿនដ៏លឿនមិនធ្លាប់ មានក្នុងប្រវត្តិសាស្ត្រ។ ស្ថានភាពនេះ នាំឲ្យផ្ទាំងទឹកកកមានទំហំតូចជាងមុន ចំនួន១៥ភាគរយ ព្រមទាំងបានបណ្តាលឲ្យមានការបាក់ទឹកកកជាផ្ទាំងធំៗ ចំនួនបីបួនលើក។

ចំនួនទឹកកក ដែលមាននៅតាមជម្រាលភ្នំ បានថយចុះចំនួន១៦% នាំឲ្យទន្លេទាំងឡាយដែលមាននៅតំបន់នេះ រីកមាឌធំជាងមុន ដល់ទៅជិត៨ពាន់គីឡូម៉ែតការ៉េ។ លោក យ៉ាវ ថានតុង សមាជិកបណ្ឌិតសភា បានបញ្ជាក់ថា កាលពីមុន តំបន់នេះ មិនធ្លាប់មានការបាក់ផ្ទាំងទឹកកកអញ្ជឹងទេ។

លោក យ៉ាវ ថានតុង បន្ដថា «បើទោះជាយើងយល់ដឹងជាបឋម អំពីយន្តការ និងដំណើរការរបស់វាក្តី ក៏យើងត្រូវការស្រាវជ្រាវបន្ថែមទៀត ដើម្បីអាចដឹងបាន ថាតើការបាក់ផ្ទាំងទឹកកកដូច្នេះ នឹងកើតមានម្តងទៀត ក្នុងទំហំ កាន់តែធំដែរឬទេ និងថាតើវានឹងកើតមានឡើង ជាទម្រង់ណាមួយ។ យើងបានពង្រីកប្រព័ន្ធប្រកាសអាសន្នរួចហើយ ដោយប្រព័ន្ធនេះ គ្របដណ្តប់ចាប់ពីតំបន់ អារ៊ូ រហូតដល់តំបន់ ង៉ារី ទាំងមូលតែម្តង»៕ (សារព័ត៌មាន CCTV របស់ចិន)