(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួម​ជាតិកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានឱ្យដឹងថា កំពុងត្រៀម​រៀបចំបើកការិយាល័យ​ទំនាក់ទំនង ឡើងវិញជា​មួយកូរ៉េខាងជើង​នៅក្នុងសប្ដាហ៍នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។

មន្ត្រីម្នាក់មក​ក្រសួងខាងលើ​ដដែល បានប្រាប់អ្នក​សារព័ត៌មាន ក្នុង​លក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះ​ទៀតថា កូរ៉េខាងត្បូង​កំពុងរៀចំបើក​ការិយាល័យទំនាក់ទំនង​​អន្តរកូរ៉េ​ឡើងវិញ​នៅឯទីក្រុង កែសុង នៃតំបន់ព្រំដែន​កូរ៉េខាងជើង នៅថ្ងៃទី១៤ ខែកញ្ញាខាង​មុខនេះ។

ម្យ៉ាងវិញ​ទៀត ការបើការិយាល័យនេះ​ទៀតសោត ធ្វើឡើងនៅមុនពេល​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន ត្រូវ​ចូល​រួមក្នុង​កិច្ចប្រជុំក្នុងទីក្រុង​ព្យុងយ៉ាង​រយៈពេល ០៣ថ្ងៃ ចាប់ពី​ថ្ងៃទី១៨ ដល់ទី២០ ខែកញ្ញា។

គួរបញ្ជាក់ថា ពិធីបើកការិយាល័យទំនាក់ទំនង​អន្តរកូរ៉េ​ត្រូវបានគេរំពឹងថា នឹងមានមន្ត្រី​កូរ៉េខាងត្បូង ១០០នាក់ និង​កូរ៉េខាងជើង ៥០នាក់ ចូលរួម៕