(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកស្រីកិត្តិសង្ហបណ្ឌិតឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាល ជាមួយប្រតិភូសហព័ន្ធយុវជនប្រទេសចិន ខណៈមកបំពេញទស្សនកិច្ចនៅកម្ពុជា។

គណៈប្រតិភូយុវជនចិនដឹកនាំដោយលោក ហើ ជុនកិ (He Junke) ប្រធានសហព័ន្ធយុវជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាផងដែរ។ នៅក្នុងជំនួបពិភាក្សានោះ លោកស្រីកិត្តិសង្ហបណ្ឌិត ម៉ែន សំអន បានរំលឹកអំពីប្រវត្តិនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរកម្ពុជា និងចិន។

ទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន មានប្រវត្តិដ៏យូរលង់តាំងពីបុរាណកាលមក ជាពិសេសរវាងអតីតអ្នកដឹកនាំនៃប្រទេសទាំងពីរ គឺសម្តេច នរោត្តម សីហនុ និងលោកប្រធាន ម៉ៅ សេទុង រួមទាំងបណ្តា‌ថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសទាំងពីរក្នុងជំនាន់ក្រោយៗ ដែលបាន បន្តថែរក្សាមត៌កនេះ ហើយខិតខំពូនជ្រុំចំណងមហាមិត្តភាពកម្ពុជា-ចិន ឱ្យបន្តរីកចម្រើនឥតឈប់ឈរ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ និងបានឈានរហូតមកដល់សព្វថ្ងៃ។

លោកស្រីកិត្តិសង្ហបណ្ឌិត ម៉ែន សំអន បានលើកឡើងទៀតថា ប្រទេសទាំងពីរកម្ពុជា-ចិន បានគាំទ្រគ្នាទៅវិញទៅមក ជំនះបានគ្រប់ឧបសគ្គដើម្បីសុខសន្តិភាព និងវិបុលភាព។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយគាំទ្រចិនតែមួយ។ កម្ពុជាសូមអបអរសាទរជាមួយនឹងការរីកលូតលាស់ឥតឈប់ឈរ នៃសេដ្ឋកិច្ចរបស់ចិន ដែលបានក្លាយជាប្រទេស មហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោក និងសូមសរសើរប្រទេសចិន ដែលបានដើរតួនាទីយ៉ាងសំខាន់ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច សម្រាប់អូសទាញសេដ្ឋកិច្ចពិភពលោកទាំងមូល និងជាតុល្យភាពអំណាចមួយដ៏រឹងមាំ ដើម្បីរក្សាសន្តិភាពក្នុពិភពលោក។

លោកស្រីឧបនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ចជាប្រចាំ។ ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន កំពុងនៅប្រទេសចិន និងចូលរួមការតាំងពិព័រណ៍ ចិន-អាស៊ាន នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ នេះសបញ្ជាក់ពីស្មារតីសាមគ្គី និងសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ។

ជាមួយគ្នានោះដែរ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគុណបំណាច់ដ៏ធំធេងរបស់បក្សកុម្មុយនិស្តចិន ប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយឧបត្ថម្ភដល់កម្ពុជា តាមរយៈ ការផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីសម្បទាន ក្នុងដំណាក់កាលដែលកម្ពុជាត្រូវការជំនួយដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេស រួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ឋាមពល ធារាសាស្ត្រ កសិកម្ម ពាណិជ្ជកម្ម និងសង្គមកិច្ច ជាដើម។ លើសពីនេះចិនបានបញ្ជូនអ្នកវិនិយោគ និងអ្នកទេសចរណ៍ មកធ្វើពាណិជ្ជកម្ម និងមកទស្សនាកម្ពុជាផងដែរ។

លោកស្រីកិត្តិសង្ហបណ្ឌិត បានបញ្ជាក់ទៀតថា ជំនួយ និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងចិន-កម្ពុជា ជាកត្តាជម្រុញល្បឿន នៃការស្តារនិងអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ឱ្យសម្រេចបានជោគជ័យ និងបានជួយលើកកម្ពស់ជីវវភាព របស់ប្រជាជនកាន់តែប្រសើរឡើងជាលំដាប់។

លោកស្រីកិត្តិសង្ហបណ្ឌិត បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រតិភូយុវជនចិន គឺចំពេលដែលប្រទេសកម្ពុជា ទើបតែបញ្ចប់ការបោះឆ្នោតសកល ស្របតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ស្ថានការណ៍នយោបាយកម្ពុជាមានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាព ស្របតាមឆន្ទៈប្រជាធិបតេយ្យ និងនីតិរដ្ឋ និងបំណងប្រាថ្នារបស់ប្រជាជន។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយរលូន ស្របទៅតាមច្បាប់ និងបទបញ្ញត្តិនានាទាក់ទងនឹងការបោះឆ្នោត ដែលនេះពិតជាបង្ហាញពីឆន្ទៈពិតប្រាកដ និងមោះមុតរបស់ប្រជាជនកម្ពុជា ដែលជឿជាក់លើលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

លោកជំទាវកិត្តិសង្ហបណ្ឌិត បានលើកឡើងទៀតថា លោកស្រីពិតជារីករាយណាស់ដែល ភាគីសហព័ន្ធយុវជនទាំងពីរប្រទេសបានអនុវត្តអនុស្សារណៈ យោគយល់ដើម្បីរិតចំណងមិត្តភាព រវាងយុវជននៃ ប្រទេសយើងទាំងពីរនឹងសូមស្នើភាគីទាំងពីរ ខិតខំពង្រឹងកិច្ចសហប្រតុបត្តិការជាមួយគ្នាកាន់តែរឹងមាំ។

នាឱកាសនោះដែរ លោក ហើ ជុនកិ (He Junke) ប្រធានសហព័ន្ធយុវជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជា មានិតចិនបានលើកឡើងថា នេះជាដំណើរទស្សនកិច្ចលើកទី១មក ប្រទេសកម្ពុជា។ សហព័ន្ធយុវជនប្រទេសចិន មានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាដឹកនាំដោយ លោក ហ៊ុន ម៉ានី ដែលមានកិច្ចសហការ ធំទូលាយសំដៅលើការងារយុវជន ហើយបានជំរុញឲ្យយុវជនកម្ពុជា និងវិនិយោគកាន់តែជិតស្និទ្ធជាមួយគ្នា។ ថ្នាក់ដឹកនាំចិន សង្ឃឹមថា យុវជនចិន-កម្ពុជា នឹងបន្តកិច្ចសហការយ៉ាងស៊ីជម្រៅជាមួយគ្នា៕