(រតនគិរី)៖ ដើម្បីលើកកម្ពស់ពីសុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ បានចុះអង្កេតត្រួតពិនិត្យទំនិញ នៅផ្សារបានលុង និងផ្សារកូនមុំ ដើម្បីពិនិត្យផលិតផលគ្រឿងកំប៉ុង គោលបំណងស្វែងរកសារធាតុគីមី និងផលិតផលហួសកាលបរិច្ឆេទ។

មន្រ្តីកាំកុងត្រូលសាខាខេត្តរតនគិរី បានចុះត្រួតពិនិត្យទំនិញនៅផ្សារបានលុង និងផ្សារកូនមុំ គឺធ្វើតេស្តបឋមទៅលើមុខម្ហូបមួយចំនួនដូចជា៖ បន្លែ, ផ្លែឈើ, មីលឿង, សរសៃគុយទាវ, ជ្រក់ស្ពៃ តែរកមិនឃើញផលិត ផលណាមួយមានជាតិគីមីនោះទេ តែបានដកហូតគ្រឿង ភេសជ្ជៈមួយចំនួន ខូចគុណភាព និងហួសកាលបរិច្ឆេទនៅផ្សារកូនមុំ ដូចជា៖ មីម៉ាម៉ា, នំសណ្តែក, កាពិ, ទឹកក្រូចសាំម៉ូរ៉ៃ, នំ TANHOANG, ប័រ DOUBIEMINT ដោយសរុបទាំងអស់ ជាង៨,៧គីឡូក្រាម។ ដោយបានធ្វើកិច្ចសន្យាត្រឹមត្រូវ ដកហូតយកទុក ដុតកម្ទេច ចោលនាពេលខាងមុខ។

ដោយឡែកនៅផ្សារបានលុង បានដកហូតទំនិញហួសកាលបរិច្ឆេទដូចជា៖ ទឹកក្រូចម៉ាកហ្វាន់តា ទឹកស៊ីអ៊ីវ ប្រេងខ្យង ស្រាបៀក្រោន ReaBull និងទឹកក្រូចហ្វាន់តា បានធ្វើកំណត់ដកហូតទុកដុតកំទេចចោលផង។

ឆ្លៀតឱកាសនោះដែរក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ នៅផ្សារបានលុង និងផ្សារកូនមុំ ដើម្បីឱ្យពួកគាត់បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូលខេត្តរតនគិរី ក៏បានធ្វើការណែនាំដល់អាជីវករលក់ដូរទាំងអស់អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឱ្យបានត្រឹមត្រូវស្រប ទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករ នៅក្នុងផ្សារទាំងពីរ ឱ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះ ផងដែរ៕