(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានក្រើនរំលឹកដល់ផែនការងារគ្រប់គ្រងធនធានមនុស្ស ត្រូវយកចិត្តទុកដាក់ចំពោះការតម្លើងឋានន្ដរស័ក្ដិ ដល់មន្ដ្រីនគរបាលរូបណាដែលខិតខំប្រឹងប្រែងបំពេញកិច្ចការងារ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានដាក់បទបញ្ជាឲ្យប្រធានផែននីមួយៗ ត្រូវយកចិត្តទុកដាក់ចំពោះមន្រី្តក្រោមឱវាទរបស់ខ្លួន ក្នុងនោះការិយាល័យបំភ័ន្ធអក្ខរៈ នៃផែនសេនាធិការ ត្រូវបំប៉នជំនាញដល់មន្ត្រីបន្ថែមទៀត និងមិនគួរមានការផ្លាស់ប្ដូរធ្វើឲ្យខ្វះខាតមន្រ្តីជំនាញឡើយ។

ការថ្លែងបែបនេះរបស់លោកស្នងការ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងាររយៈពេល៩ខែ នៃផែនការងារសេនាធិការ និងផែនគ្រប់គ្រងធនធានមនុស្ស និងពង្រឹងជំនាញការងារក្នុងផែនទាំងពីរ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន លោក-លោកស្រីស្នងការរង អនុប្រធានផែនជំនាញ នាយ-នាយរងការិយាល័យ អធិការ-អធិការរងស្រុក-ក្រុងទាំង១០ នាយ-នាយរងផ្នែក នៃផែនទាំងពីរសរុបចំនួន ២៨៩នាក់​៕