(ភ្នំពេញ)៖ ស្ត្រីចំណាស់វ័យ៥០ឆ្នាំម្នាក់ បានរត់មកដាក់ពាក្យបណ្តឹងទាំងទឹកភ្នែកសស្រាក់ ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ២ ជួយអន្តរាគមន៍ចាត់ការតាមផ្លូវច្បាប់ ទៅលើកូនប្រុសរបស់ខ្លួន ដែលបានប្រើប្រាស់អំពើហិង្សា យកដំបង និងដែកវាយដំទៅលើរូបគាត់ និងប្អូនស្រី បណ្តាលឲ្យរងរបួសបែកក្បាល និងបែកមុខបែកមាត់ ព្រោះតែរឿងសុំលុយពីម្តាយមិនបាន ហើយថែមទាំងគំរាមម្តាយមិនឲ្យប្តឹងថែមទៀត។ ជនសង្ស័យរូបនេះ បានគំរាមថា បើម្តាយហ៊ានប្តឹងនឹងសម្លាប់ចោលភ្លាម។

ហេតុការណ៍មួយនេះ បានកើតឡើងនៅវេលារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចផ្ទះជួលភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីជាម្តាយមានឈ្មោះ ឈាង ចិន្ថា អាយុ៥០ឆ្នាំស្នាក់នៅកន្លែងកើតហេតុ មានមុខរបរអ្នកលាងកែវកាហ្វេ និងប្អូនស្រីសុំមិនបញ្ចេញឈ្មោះ បានរងរបួសបែកមុខបែកមាត់ និងដងខ្លួនយ៉ាងដំណំ។

ចំណែកជនបង្កដែលជាកូនរមិលគុណរូបនោះមានឈ្មោះ ជុំ សៅ លី អាយុ២១ឆ្នាំ មុខរបរជាកម្មករសំណង់ និងរើសអេតចាយ។

តាមសម្តីជាម្តាយរងគ្រោះខាងលើ បានរៀបរាប់ទាំងទឹកភ្នែកថា នៅមុនកើតហេតុ ជនសង្ស័យជាកូនរូបនោះ បានធ្វើការជាកម្មករសំណង់ បានលុយចំនួន២៣ម៉ឺនរៀល ហើយឲ្យទៅម្តាយចំនួន១៣ម៉ឺនរៀល កាលពីមុនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្នាក់ជាតិ។

ស្រ្តីខាងលើបានបន្តទៀតថា បន្ទាប់ពីឲ្យលុយមកលើរូបហើយនោះ យុវជនដែលជាកូនតែងតែសុំលុយពីគាត់វិញម្តង ២ពាន់រៀល ៣ពាន់រៀល ទាំងព្រឹក ទាំងថ្ងៃ ទាំងល្ងាច យកទៅហូបបាយស្រូប ផឹកកាហ្វេ និងលេងខ្លាឃ្លោក ជាងរៀងរាល់ថ្ងៃ។ រាល់ពេលដែលយុវជនរូបនោះសុំត្រូវតែឲ្យជាដាច់ខាត បើសិនជាមិនឲ្យម្តងណានោះ យុវជននោះនឹងរករឿង បោកចានបោកឆ្នាំចោលខ្ទេច។

ស្រ្តីខាងលើបានបន្តថា ខណៈមកដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានសុំលុយ២ពាន់រៀលផឹកកាហ្វេ តែគាត់ពុំមានលុយឲ្យ រហូតយុវជនរូបនោះបានរករឿង និងវាយដំទៅលើប្អូនស្រី។ ជនសង្ស័យ បានវាយផង ធាក់ផង ទាត់ផង បណ្តាលឲ្យរងរបួសពេញខ្លួន។ ឃើញដូចនោះស្រ្តីជាម្តាយ បានចូលទៅឃាត់ ក៏ត្រូវកូនប្រុសរបស់ខ្លួនយកដំបង និងដែកវាយចំក្បាលបណ្តាលឲ្យរបួសបែកក្បាលបន្ថែមទៀត។ បន្ថែមលើសពីនោះ យុវជនរូបនេះបានគំរាមម្តាយ មិនឲ្យទៅប្តឹងនគរបាលឡើយ បើហ៊ានប្តឹងនឹងសម្លាប់ម្តាយចោលតែម្តង ។

ក្រោយកើតហេតុស្រ្តីរងគ្រោះជាម្តាយ ដោយមានការភ័យខ្លាចទ្រាំលែងបាន គាត់បានសម្រេចចិត្តរត់មកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ២ ឲ្យជួយអន្តរាគមន៍តាមផ្លូវច្បាប់។ ក្រោយពេលទទួលដំណឹងនេះភ្លាម កម្លាំងនគរបាលបានចុះទៅចាប់វាយខ្នោះ ជនសង្ស័យខាងលើនោះភ្លាមៗដែរ ដើម្បីចាត់ការតាមផ្លូវច្បាប់៕