(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងដំណើរការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០១៩ សម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដែលប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរនោះ ត្រូវបានលោក ហេង សួរ អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រឹក្សាការងារ បញ្ជាក់ថា ភាគីនីមួយៗនឹងយកតួលេខផ្លូវការរៀងៗខ្លួនដែលបានពីកិច្ចពិភាក្សាផ្ទៃក្នុង មកពិភាក្សាត្រីភាគីជាថ្មី នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ឆាប់ៗខាងមុខ។

ការបញ្ជាក់បែបនេះរបស់លោក ហេង សួរ ត្រូវបានធ្វើឡើងក្រោយកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី ដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបានឱ្យដឹងថា កិច្ចប្រជុំលើកនេះ គឺជាកិច្ចចាប់ផ្តើមនៃការពិភាក្សាកម្រិតបច្ចេកទេស ដែលមានលក្ខណៈលម្អិត និងគ្រប់ជ្រុងជ្រោយអាចទទួលយកបានពីគ្រប់ភាគី ដើម្បីផ្តល់ជាមូលដ្ឋានដល់គណៈកម្មការប្រឹក្សាការងារក្នុងការប្រជុំសម្រេច។

យន្តការនេះ ត្រូវបានអនុវត្តចាប់ពីឆ្នាំ២០១៤ ដើម្បីឱ្យភាគីតំណាងនិយោជក ភាគីតំណាងកម្មករនិយោជិត (សហជីព) និងភាគីតំណាងរាជរដ្ឋាភិបាល បង្ហាញពីគោលជំហររបស់ខ្លួនដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា ដែលទទួលបានការឯកភាពគ្នាកន្លងមក និងត្រូវបានកំណត់ដោយច្បាប់។

ក្រោយកិច្ចប្រជុំត្រីភាគីខាងលើ លោក ហេង សួរ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងកិច្ចប្រជុំថ្ងៃនេះ ក៏មានការសួរនាំគ្នាទៅវិញទៅមកពីលក្ខណៈវិនិច្ឆ័យនីមួយៗ ដើម្បីឱ្យលេខាធិការដ្ឋានយើងខ្ញុំពន្យល់បន្ថែម ហើយបន្ទាប់ពីយើងខ្ញុំពន្យល់បន្ថែមមក គឺភាគីនីមួយៗនឹងយកតួលេខ និងកាលវិភាគរបស់យើងខ្ញុំទៅប្រជុំផ្ទៃក្នុងរបស់ខ្លួន ហើយនៅថ្ងៃសុក្រ ភាគីនីមួយៗអាចនឹងនាំមកនូវតួលេខពិតប្រាកដមួយ ដែលជាតួលេខផ្លូវការរបស់តំណាងរបស់ខ្លួន»។ លោកបានបញ្ជាក់ថា ទោះយ៉ាងណា តួលេខរបស់ភាគីនីមួយៗនោះ មិនមែនជាតួលេខផ្លូវការឡើយ។

ពាក់ព័ន្ធនឹងកត្តាផលិតភាពវិញ លោក ហេង សួរ បានលើកឡើងថា វាជាការបំពេញការងាររួមគ្នារវាងនិយោជក និងកម្មករ មានន័យថានិយោជកបាននាំមកនូវម៉ាស៊ីនថ្មីៗទំនើបៗ ហើយកម្មករនិយោជិតបានប្រើប្រាស់ម៉ាស៊ីនកាន់តែមានប្រសិទ្ធភាព តម្លៃផលិតនៃការនាំចេញនោះកាន់តែខ្ពស់ ធ្វើឱ្យតម្លៃបន្ថែមដែលផលិតបានក្នុងស្រុកកើនឡើងជាងឆ្នាំមុន ហើយបើចែកជាមួយចំនួនកម្មករដែលធ្វើការក្នុងវិស័យនេះ ឃើញថាផលិតភាពរបស់កម្មករម្នាក់ក្នុងការបង្កើតតម្លៃបន្ថែម មានការកើនឡើងជាងមុន។

លោកថា ជាមធ្យមក្នុងរយៈពេល១០ឆ្នាំមកនេះ កំណើនផលិតភាពក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជាមានអត្រា ១.៦%។

លោកបានសង្កត់ធ្ងន់ថា បញ្ហារោងចក្របិទ-បើកនោះ មិនជះផលអវិជ្ជមានដល់វិស័យការងារនៅកម្ពុជាឡើយ ថ្វីដ្បិតរោងចក្រមួយចំនួនត្រូវបានបិទក៏ពិតមែន តែក៏មានរោងចក្របើកថ្មីៗជាបន្តបន្ទាប់ដែរ ហើយរោងចក្រដែលមិនបិទក៏មានការពង្រីកចង្វាក់ផលិតកម្មថែមទៀត ដូច្នេះហើយទើបធ្វើឱ្យតម្រូវការកម្មករនិយោជិតនៅតែមានជារៀងរាល់ឆ្នាំ៕