(ភ្នំពេញ)៖ អាសូរណាស់ប្រជាពលរដ្ឋប្រទះឃើញទារកម្នាក់ ដែលទើបនឹងសម្រាលមកថ្មីៗ ត្រូវបានម្ដាយនាំយកទៅផ្លុងចោល នៅក្នុងចម្ការមួយកន្លែងក្រោយផ្ទះប្រជាពលរដ្ឋ ហើយត្រូវស្រមោចរោមខាំបណ្ដាលឲ្យទារកខាងលើយំយ៉ាងខ្លាំងរហូតឮដល់យុវជនម្នាក់​ ដែលជាម្ចាស់ផ្ទះខាងលើទៅមើល និងលើកបីយកទៅផ្ទះរបស់ខ្លួន។

ហេតុការណ៍ភ្ញាក់ផ្អើលនោះ បានកើតឡើងកាលវេលាម៉ោង៣៖៥០នាទី រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ ស្ថិតនៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមយុវជនឈ្មោះ សេង ស៊ីថា អាយុ២៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិខាងលើបាននិយាយថា «ទារកខាងលើត្រូវបានម្ដាយយក ទៅប្លុងចោលនៅក្រោយផ្ទះរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនបានដឹងថា តាំងពីពេលណាឡើយ។ ព្រោះខ្ញុំមិនបានឃើញអ្នកយកទារកនោះ ទៅបោះចោលដោយផ្ទាល់ភ្នែកឡើយ រហូតដល់វេលាម៉ោងខាងលើ ខណៈមេឃងងឹតចង់ភ្លៀងផងនោះ ស្រាប់តែឮសម្លេងទារកយំយ៉ាងខ្លាំង»។

យុវជនរូបនោះបានបន្តទៀតថា ពេលនោះបង្កឲ្យមានការងឿងឆ្ងល់យ៉ាងខ្លាំងព្រោះអ្នកភូមិ មិនមាននរណាម្នាក់សម្រាលកូនឡើយ បន្ទាប់មកបុរសចំណាស់ម្នាក់ ដែលជអ្នកភូមិជាមួយគ្នា បានប្រើឲ្យខ្ញុំទៅរកមើលស្រាប់តែឃើញទារកនោះកំពុងដេកយំ ដោយមានស្រមោចជាច្រើនក្បាលកំពុងខាំ។ មិនតែប៉ុណ្ណោះនៅមិនទាន់ចង និងកាត់ផ្ចិតនៅឡើយ ហើយបន្ទាប់ពីឃើញគួរឲ្យអាណិតបែបនេះ រូបគាត់ក៏បានលើកទារកបីយកមកផ្ទះ និងលាងសម្អាតរួចទើបបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីសង្គ្រោះ។

អ្នកភូមិបាននិយាយថា ទារកនោះទើបនឹងកើតមកថ្មីៗប៉ុណ្ណោះ និងមានកាយសម្បទារគ្រប់គ្រាន់ហើយមិនបានស្គាល់ថាឪពុកម្ដាយ របស់គេជានរណាឡើយ ទើបចិត្តដាច់យកកូនទៅបោះចោលបែបនេះ។ ប៉ុន្តែពួកគាត់សង្ស័យថាម្ដាយ ដែលយកកូនទៅចោលនោះ គឺជ្រុលជ្រួសជាមួយសង្សាររហូតមានផ្ទៃពោះ ហើយត្រូវបានគូស្នេហ៍បោះបង់ចោលដោយឱ្យនាងពពោះម្នាក់ឯង។ លុះដល់ពេលសម្រាល ខ្លាចខ្មាសគេ ឬខ្លាចឪពុកម្ដាយបងប្អូនសាច់ញាតិដឹងទើបសម្រេចចិត្តយកកូន ទៅបោះចោលដោយគ្មានធម៌មេត្តា បែបនេះតែម្ដង៕