(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបង្ហាញមុខសញ្ញាក្រុមជួញដូរគ្រឿងញៀន យ៉ាងសកម្មនៅតាមមូលដ្ឋាន ដែលកម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក បង្រ្កាបបានថ្មីៗនេះ ជាសាធារណៈ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែកញ្ញានេះ ថាក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដែលតែងតែយកចិត្តទុក្ខដាក់អំពីក្ដីកង្វល់ របស់ប្រជាពលរដ្ឋ គ្រប់មូលដ្ឋានឃុំ-សង្កាត់ ពីបញ្ហាសន្តិសុខតែងតែដាក់តឿនដល់កម្លាំងសមត្ថកិច្ចទាំងអស់ឱ្យខិតខំបង្រ្កាបបទល្មើសនានា ដើម្បីផ្តល់ភាពកក់ក្តៅជូនពួកគាត់។

លោកស្នងការខេត្ត បានបន្តថា សម្រាប់ជនសង្ស័យទាំងនេះ ជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វើសកម្មភាព ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាពិសេស ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ដែលធ្លាប់ជាប់ពន្ធនាគារ ហើយខ្លះចេញមកវិញ មិនកែប្រែប្រើប្រាស់ និងជួញដូរថ្នាំញៀនបន្តទៀត។

ជាក់ស្តែងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ កម្លាំងរបស់លោកបានចុះទៅបង្រ្កាបជាក់ស្តែងតែម្តង។

ជនសង្ស័យទាំង៦នាក់រួមមានទី១៖ ឈ្មោះ ហុង ចំរើន អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២៖ ឈ្មោះ ប៉ាត់ គឹមឡូត អាយុ២៧ឆ្នាំ មុខរបរជាគ្រូបង្ហាត់កាយសម្បទា (បង្ហាត់ប្រាណ) ទី៣៖ ឈ្មោះ ញាន ដន មុខរបររត់ម៉ូតូឌុបដ ទី៤៖ ឈ្មោះ អេថង ស៊ីថា ហៅ និត អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារចំនួន២ឆ្នាំ ពីបទជួញដូរប្រើប្រាស់គ្រឿងញៀនខុសច្បាប់, ទី៥៖ ឈ្មោះ យ៉ែម យ័ន អាយុ៣៨ឆ្នាំ មុខរបរនេសាទ និងទី៦៖ ឈ្មោះ ព្រំ សារ៉ាត់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ ដកហូតបានសារធាតុញៀនចំនួន៥កញ្ចប់។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យបានព្រមៗគ្នា ព្រមទាំងមានកិច្ចសហការជាមួយសមត្ថកិច្ចបង្ហាញនៅមុខសញ្ញាប្រើប្រាស់ការជួញដូរគ្រឿងញៀន ដើម្បីកងកម្លាំងសមត្ថកិច្ចមានមូលដ្ឋានស្រាវជ្រាវបង្ក្រាបមានប្រសិទ្ធភាព។ ឥទ្ធិពល នៃគ្រឿងញៀនបង្ករមានគ្រោះថ្នាក់ដល់សង្គម ហើយប្រមុខរាជរដ្ឋាភិបាល លោកបានយកចិត្តទុកដាក់ណាស់នូវវិធានបង្ការ ទប់ស្កាត់ការជួញដូរសារធាតុញៀនខុសច្បាប់។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ក៏បានសំណូមពរបន្ថែម ដល់ស្រទាប់យុវជន ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះបើមនុស្សយើង ត្រូវបានគ្រឿងញៀន គ្រប់គ្រងបានហើយធ្វើឱ្យមនុស្សបាត់បង់សតិសម្បជញ្ញៈ លែងស្គាល់ខុស ត្រូវអំពីល្អ អំពើអាក្រក់ សាច់ញាតិឪពុក ម្តាយ បងប្អូន មនុស្សជាទីស្រឡាញ់ជាដើម៕