(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ១៣រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ លោក អ៊ិន បូផា នាយកសាលាភូមិន្ទក្រឡាបញ្ជី នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ បានផ្ដល់កិត្តិយស អញ្ជើញមកធ្វើជាវាគ្មិន លើប្រធានបទស្ដីពី 《ភស្ដុតាងជាសាក្សី》 ក្រោមការសហការរៀបចំឡើងរវាងមហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាមួយសមាគមស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ ។

គោលបំណងចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ផ្ដល់ជាពុទ្ធិ អំពីអត្ថន័យ និងទិដ្ឋភាពនៃភស្ដុតាងជាសាក្សី ដែល ជាប្រភេទមួយក្នុងចំណោមភស្ដុតាងផ្សេងៗទៀត ជូនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់ ពិសេសនិសិ្សតផ្នែកច្បាប់ ដើម្បីបំពេញបន្ថែមលើចំណេះដឹងដែលមានស្រាប់។

ខ្លឹមសារនៃការបទបង្ហាញមានដូចជា៖ អត្ថន័យនៃការបំភ្លឺរបស់សាក្សី, លក្ខខណ្ឌធម្មជាតិខ្លះមិនអាចក្លាយជាសក្សី, លក្ខខណ្ឌចងកាតព្វកិច្ចសាក្សីជាមួយអង្គហេតុ, កាតព្វកិច្ចរបស់សាក្សី, កាតព្វកិច្ចពិសេសរបស់សាក្សី, សិទ្ធិសាក្សី, សិទ្ធិកែប្រែសម្តី និងការវាយតម្លៃចម្លើយរបស់សាក្សី

សមាគមស្រាវជ្រាវនិងផ្សព្វផ្សាយច្បាប់ខ្មែរ ដែល ជាសមាគមមួយ បណ្តុំទៅដោយអ្នកមានសមត្ថភាព និងបទពិសោធន៍ ផ្នែកច្បាប់ដែលកំពុងតែប្រកបវិជ្ជាជីវៈ ហើយបានសហការគ្នាយ៉ាងជិតស្និតជាមួយមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រ នយោបាយ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងការជ្រើសរើសសម្រិតសម្រាំងយកនូវប្រធានបទល្អៗ មានលក្ខណៈ បច្ចេកទេស និងស៊ីជម្រៅសម្រាប់រៀបចំកម្មវិធីបាឋកថា ចែកជូនដល់សាធារណៈជន។

សូមបញ្ជាក់ផងដែរថា មហាវិទ្យាល័យនីតសាស្ត្រនិង វិទ្យាសាស្ត្រនយោបាយជាមហាវិទ្យាល័យមួយ ក្នុងចំណោម មហាវិទ្យាល័យទាំងប្រាំ មានមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា, មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍, មហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច, មជ្ឈមណ្ឌល សា្រវជ្រាវនិងអភិវឌ្ឍន៍, និងសាលាក្រោយឧត្តម។ មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ មានភារកិច្ច និងបេសកកម្មបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យច្បាប់ រដ្ឋបាលសាធារណៈ វិទ្យាសាស្ត្រនយោបាយ និងទំនាក់ ទំនងអន្តរជាតិ ប្រកបដោយគុណភាព សមត្ថភាព និងសីលធម៌។

ក្នុងន័យនេះ មហាវិទ្យាល័យបាន សម្រិតសម្រាំង នូវកម្មវិធីសិក្សា និងគ្រូបង្រៀនដែលមានជំនាញ ច្បាស់លាស់ ជាមេធាវី ចៅក្រម ព្រះរាជអាជ្ញា ។ល។ ព្រមទាំង កន្លែងហ្វឹកហាត់អនុវត្ត (តុលាការប្រឌិត) ថែមទៀតផង និយាយដោយឡែក, និយាយជារួម សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទាំងមូលបានពង្រឹងលើយន្តការដឹកនាំគ្រប់គ្រងជាបន្តបន្ទាប់ ក្នុងនោះការ ពង្រឹងសមត្ថភាពបុគ្គលិក និង សាស្រ្តាចារ្យ ក្នុងការបង្រៀន ការរៀននិងការស្រាវជ្រាវរបស់និស្សិត ដោយឈរលើមូលដ្ឋាន មនសិការវិជ្ជាជីវៈ ចំណេះដឹង និងការគោរពវិន័យឱ្យបានហ្មត់ចត់ ព្រមទាំងការទទួលខុសត្រូវ ដោយប្រកាន់ខ្ជាប់នូវ សេចក្តីថ្លៃថ្នូរ មានគំនិត ច្នៃប្រឌិត ខ្ពស់ និងអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈ គ្រូបង្រៀន និង យុទ្ធសាស្រ្ត ចតុកោណ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលជាវិធានការដ៏ចាំបាច់បំផុតក្នុងន័យធានាថា ការអប់រំរបស់ សាកលវិទ្យាល័យ គឺប្រកប ដោយ គុណភាពពិតប្រាកដ ដែលជាបុព្វហេតុដ៏ចម្បងក្នុងការលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកតំបន់ និង អន្តរជាតិ ៕