(ភ្នំពេញ)៖ លោកចៅក្រម អ៊ី ថាវរៈ និងលោកស្រី ស៊ឺ វណ្ណនី បានដោះលែងឲ្យចោរលួចម៉ូតូម្នាក់ទៅផ្ទះវិញ ក្រោមឆន្ទានុសិទ្ធិថារកកំហុសមិនឃើញ។

មន្ត្រីសាលាដំបូងក្រុងភ្នំពេញ បានបង្ហើបថា មុខសញ្ញាចោរលួចម៉ូតូយ៉ាងសកម្មម្នាក់ត្រូវបាន លោក អ៊ី ថាវរៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឲ្យទៅផ្ទះវិញ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមហេតុផលដាក់ ចោរក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ កុំឲ្យដើរលួចដូចមុនទៀត។ បើយោងតាមសមត្ថកិច្ច លោកចោរលួចម៉ូតូ ដែលត្រូវលោកចៅក្រម អ៊ី ថាវរៈ ដោះលែង មានឈ្មោះ សម វិចិត្រ ភេទប្រុស អាយុ២៤ឆ្នាំ។

សំណុំរឿងលោកចោរ សម វិចិត្រ ត្រូវបានលោកស្រី ស៊ឺ វណ្ណនី បើកការស៊ើបសួរ និងចោទប្រកាន់ពីបទ លួច (បន្លំយកម៉ូតូ) ប្រព្រឹត្តនៅកន្លែងផ្ញើម៉ូតូ ក្នុងមន្ទីរពេទ្យ រុស្ស៊ី យោងតាមមាត្រា ៣៥៦ នៃក្រមព្រហ្មទទណ្ឌ ដែលអាចប្រឈមនឹងការផ្តន្ទាទោសដាក់គុក ពី៦ខែ ទៅ៣ឆ្នាំ។

ក្រោយពីបញ្ជូនសំណុំរឿងបន្តទៅឲ្យចៅក្រម អ៊ី ថាវរៈ ចោរក៏មានសំណាងទៅផ្ទះវិញ ដើម្បីបន្តមុខរបរដើម ដោយលោកស្រី ស៊ឺ វណ្ណនី មិនបានប្តឹងទាស់ នឹងសេចក្តីសម្រេច មិនឃុំខ្លួន លោកចោរ របស់ចៅក្រម ស៊ើបសួរនោះទេ នេះបើតាមប្រភពពីមន្ត្រីតុលាការ ដែលមិនសូវស្នេហា វិស័យធ្វើចោរ។

ប្រភពពីនគរបាលជាន់ខ្ពស់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបាន ខ្សឹបប្រាប់អ្នកកាសែតទាំងហួសចិត្តថា មិនសមណាចោរដែលសមត្ថកិច្ចខំចាប់ មិនបានជាប់គុក បែរជាមានសំណាង បានបន្តមុខរបរចាស់បែបនេះសោះ ដូច្នេះនេះជាកំហុស ដ៏ធ្ងន់ធ្ងររបស់ប៉ូលីស ដែលចាប់ចំចោរល្អ ទើបតុលាការសហការគ្នាលែងចោរល្អ ឲ្យទៅផ្ទះវិញ៕