(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតជាគោលការណ៍ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៨​ ខែកញ្ញា​ ឆ្នាំ២០១៨​ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានដឹកនាំប្រតិភូកម្ពុជាចំនួន២៧រូប ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រះវិហារឥស្លាមមួយនៅខេត្តយ៉ាឡា ប្រទេសថៃ។

តាមការបញ្ជាក់ពីលោក អូស្មាន ហាស្សាន់ បានឲ្យដឹងថា ទស្សនកិច្ចនេះ ធ្វើផងដែរក៏នឹងមានការជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ ហាឡាលប្រទេសថៃ ក៏ដូចជាក្រុមហ៊ុនវិនិយោគធំៗលើវិស័យឧស្សាហកម្មហាឡាលផងដែរ។

ក្រៅពីនេះ គណៈប្រតិភូនឹងអញ្ជើញជួបសំណេះសំណាលជាមួយអគ្គរាជទូតអារ៉ាប់រួមអេមីរ៉េត និងម៉ារ៉ុក ប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនងទ្វេរភាគី ព្រមទាំងពិភាក្សាលើឱកាសវិនិយោគឧស្សាហកម្មនៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក៏នឹងត្រូវបានសាកលវិទ្យាល័យ ហ្វាតានី ប្រទេសថៃ ផ្តល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសគ្រប់គ្រងធុរកិច្ចផងដែរ៕