(កំពង់ធំ)៖ អង្ករ​ចំនួន​៣,០០០​គីឡូ​ក្រាម​​ (បីតោន)​ មី​យើង​ចំនួន​២០០​កេស​បន្ថែម​ទៀត​ ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ តាម​រយៈឧត្ដមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត​ អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ និងអគ្គ​លេខាធិការ​រង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ផ្ដល់​ជូន​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ និងជាប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​។

ដោយ​ឃើញ​ពី​សកម្មភាព​មមាញឹក​របស់​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្តកំពង់ធំ​ ក្នុង​ការ​ស្វែង​យល់​ពី​សុខ​ទុក្ខ​ និង​តម្រូវការជីវភាព​រស់នៅ​របស់​អតីត​យុទ្ធ​ជន​ និង​ប្រជាជនដែល​មាន​ជីវភាព​លំបាក​ ខ្វះខាត​​នៅ​តាម​បណ្ដា​មូលដ្ឋាន​នានា​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ បាន​យ៉ាង​ល្អ​ប្រសើរ​ និងដើម្បី​បន្ត​បម្រើ​ប្រជាជន​ឲ្យ​បាន​ទ្វេ​ដង​ថែម​ទៀត​ នៅ​ក្នុង​អណត្តិទី​៦​ នៃរាជរដ្ឋាភិបាលថ្មីនេះ​ តាម​រយៈឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​បន្ត​ឧបត្ថម្ភ​អង្ករ​ចំនួន​៣,០០០​ គីឡូ​ក្រាម​ និង​មីចំនួន​២០០កេស​បន្ថែម​ទៀត​ ដល់​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្ត​ នៅព្រឹកថ្ងៃទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០១៨​ នៅ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ។

ក្នុង​នាម​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ប្រធាន​ស្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា នេះគឺជាការគិតគូរយកចិត្តទុកដាក់ចំពោះកិត្តិយស និងការដឹងគុណ ចំពោះការធ្វើពលីកម្មដ៏មានតម្លៃរបស់អតីតយុទ្ធជន ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។​

លោកបន្ថែមថា ក្រុមការងារសមាគមអតីតយុទ្ធកម្ពុជាខេត្តកំពង់ធំ ប្តេជ្ញា​ចិត្ត​ដាច់​ខាត​បន្ត​ឆ្ពោះ​ទៅ​កាន់​មូល​ដ្ឋាន ​ដើម្បី​បម្រើ​ប្រជាជន​ឲ្យ​បាន​ទ្វេ​ដង​ថែម​ទៀត ​ដោយ​មិន​គិត​ពី​ការ​លំបាក​ហត់​នឿយ​ឡើយ​ ហើយ​និង​​សូម​គោរព​ថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោដែលបានយកចិត្តទុកដាក់ចំពោះ កម្រិតជីវភាព និងកិត្តិយសរបស់កងទ័ព អតីតយុទ្ធជន យុទ្ធជនពលី និង​គ្រួសារកងទ័ព។

សូមបញ្ជាក់ថា ក្រុមការងារសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានយកចិត្តទុកដាក់ធ្វើសកម្មភាពការងារ សមាគមអតីតយុទ្ធជន ក្នុងខេត្តកំពង់ធំ យ៉ាងសកម្មប្រកបដោយទឹកចិត្ត និងគុណតម្លៃខ្ពស់តាមរយៈការចុះស្វែងយល់ពីសុខទុក្ខ ជីវភាពរស់នៅរបស់​អតីតយុទ្ធជន ចុះជួបសំណេះសំណាល សាកសួសុខទុក្ខ និងបានប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគ យកចិត្តទុកដាក់សម្របសម្រួលការព្យាបាល។

ជាពិសេសសមាគមបានចុះជួយកសាងផ្ទះជូន​អតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត បានចំនួន៩៥ផ្ទះហើយ ដែលទាំងនេះគឺជាអំណោយរបស់់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសប្បុរសជនដទៃទៀត៕