(ភ្នំពេញ)៖ អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ដែលដឹងរឿងពិតរបស់ សម រង្ស៊ី និងក្រុមប្រឆាំងនៅក្រៅប្រទេស នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានហែកកេរ្តិ៍រឿងអាស្រូវរបស់ សម រង្ស៊ី ដែលបានធ្វើអាជីវកម្មតាមរយៈការយកការស្លាប់របស់កូនចៅមួយចំនួននៅស្រុកខ្មែរ ដើម្បីរៃអង្គាសថវិកាដាក់ហោប៉ៅរបស់ខ្លួននៅក្រៅប្រទេស។

លោក សួន សេរីរដ្ឋា ដែលធ្លាប់រស់នៅសហរដ្ឋអាមេរិកច្រើនឆ្នាំបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា៖ «សម រង្ស៊ី និងក្រុមអ្នកនយោបាយនិយម សម រង្ស៊ី គឺជាក្រុម "វីរៈជនរត់ចោលស្រុក" ដែលចូលចិត្តធ្វើនយោបាយយកទឹកចិត្តស្មោះត្រង់របស់អ្នកគាំទ្រ ទៅធ្វើអាជីកម្មយកលុយដាក់ហោប៉ៅ ដើរចាយសប្បាយនៅក្រៅប្រទេស។ បើមានអ្នកជឿ អ្នកដើរតាម សម រង្ស៊ី ត្រូវស្លាប់ក្នុងព្រឹត្តិការណ៍បាតុកម្ម ឬក៏ជាប់គុកនោះគឺ សម រង្ស៊ី សប្បាយចិត្តបំផុត ព្រោះខ្លួនគាត់ដែលជា វីរៈជនរត់ចោលស្រុកនោះ នឹងបានយកការស្លាប់ និងការជាប់គុករបស់អ្នកគាំទ្រនេះ ទៅធ្វើបុណ្យរៃអង្គាសយកលុយចាយ ដោយគ្រាន់តែផ្ញើក្បាលកាក់ក្បាលសេន តិចតួចមកឲ្យគ្រួសារជនរងគ្រោះ រួចថតរូបយករូបថត ទៅបោកអ្នកជួយលុយប៉ុណ្ណោះ»

បើតាមការឲ្យដឹងពីលោក សួន សេរីរដ្ឋា ដែលធ្លាប់រស់នៅនិរទេសខ្លួនដូច សម រង្ស៊ី គឺការធ្វើបុណ្យដោយយកឈ្មោះអ្នកស្លាប់ក្នុងព្រឹត្តិការណ៍បាតុកម្មទៅធ្វើបុណ្យ ការរៃអង្គាសមួយកន្លែងបុណ្យៗនោះ គឺលោក សម រង្ស៊ី ទទួលលុយបានមិនតិចជាង ៥០០០$ ទៅ ១០០០០$ នោះទេ ។ លោកអះអាងថា ក្រុមលោក សម រង្ស៊ី មិនមែនធ្វើតែមួយកន្លែងនៅអាមេរិក គឺបានធ្វើការរៃអង្គាសបែបនេះនៅកាណាដា អឺរ៉ុប និងអូស្ត្រាលីផងដែរ។

លោកបញ្ជាក់ថា «ពោលគឺធ្វើបុណ្យរៃអង្គាសរាប់រយកន្លែង ដែលប្រមូលលុយ រាប់រយម៉ឺនដុល្លារ បានមកពីការយកខ្មោចធ្វើអាជីវកម្មបុណ្យ។ តែគ្រួសាររងគ្រោះបានយ៉ាងច្រើន១ គ្រួសារ ១០០០$ ប៉ុណ្ណោះ ! រាប់សែន រាប់រយម៉ឺនដុល្លារទៀតគឺ សម រង្ស៊ី យកចូលហោប៉ៅ»

សូមជំរាបថា កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ខែ​សីហា​ ឆ្នាំ​២០១៧​ លោក សួន សេរីរដ្ឋា ត្រូវបានតុលាការសម្រេចប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​៥ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ចំនួន​១០លាន​រៀល​ ពាក់ព័ន្ធ​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​កម្ពុជា​។​ បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល១ឆ្នាំ១០ថ្ងៃ លោក សួន សេរីរដ្ឋា ត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារ នៅយប់ថ្ងៃ២៣ ខែសីហា ឆ្នាំ២០១៨ ប​ន្ទាប់ពីព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យបង្គាប់ឱ្យដោះលែង តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមរំលឹកថា កន្លងមកព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ក៏ត្រូវបានលោក កែម រិទ្ធិសិត ដែលជាប្អូនប្រុសបង្កើតរបស់ លោក កែម ឡី បញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា លោកមិនបានប្រមូលលុយបច្ច័យបុណ្យសពបងប្រុស តាមរយៈព្រះតេជគុណ ប៊ុត ប៊ុនតិញ នោះទេ។ ព្រោះកន្លងមកព្រះសង្ឃ ប៊ុត ប៊ុនតិញ ពិតជាបានរៀបចំធ្វើពិធីបុណ្យមួយចំនួន ដើម្បីប្រមូលលុយកសាងចេតិយសពលោក កែម ឡី ប៉ុន្តែលោក កែម រិទ្ធិសិត​ និងម្តាយសពលោកបណ្ឌិត កែម ឡី មិនដែលទទួលបានមួយដុល្លារនោះទេ៕