(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផែនការងារគ្រឿងញៀន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញមកបកស្រាយ និងបញ្ជាក់ពីកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន តាមទីតាំងក្លឹបកំសាន្តនានា នៅរាជធានីភ្នំពេញ។

បើតាមនាយឧត្តមសេនីយ៍ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ប្រកបដោយឆន្ទៈមោះមុត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ រាជរដ្ឋាភិបាលបានចាត់តាំងបន្ថែមទៀត នូវយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ដែលជា «ចលនាជាតិ» មានការចូលរួមយ៉ាងសកម្ម ពីគ្រប់ស្ថាប័នពីគ្រប់សមាសភាពសង្គម គ្រប់សញ្ជាតិ គ្រប់និន្នាការនយោបាយ ទាំងវិស័យសាសនា វិស័យឯកជន ទាំងជាតិ និងអន្តរជាតិ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការ «រួមធ្វើ រួមទទួលខុសត្រូវ»

ក្រោមការដីកនាំផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានយុទ្ធនាការ និងមាននាយឧត្ដមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធានលេខាធិការដ្ឋានរបស់យុទ្ធនាការ កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថអាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ មហាជន បានធ្វើសកម្មភាពយ៉ាងសកម្មបង្ការ បង្ក្រាបគ្រឿងញៀន ខុសច្បាប់។

ក្នុងយុទ្ធនាការទាំងបីលើកកម្លាំងអនុវត្តន៍ច្បាប់ទាំងនគរបាល កងរាជអាវុធហត្ថ បានបង្ក្រាបបទល្មើសគ្រឿងញៀន១៣៤៩១ករណី ចាប់ជនសង្ស័យ១៥៧៩៦នាក់ ដកហូតថ្នាំញៀនគ្រប់ប្រភេទ ជាង៦៦៨គីឡូក្រាម។ សមត្ថកិច្ចបានបញ្ជូនអ្នកញៀនគ្រឿងញៀន៤៧១៧នាក់ ទៅមណ្ឌលបណ្ដោះអាសន្នដើម្បីបន្សាប ព្យាបាល ស្ដារនីតិសម្បទា។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្តថា «មេខ្លោងជួញដូរគ្រឿងញៀនរាប់សិបនាក់ មានទាំងសញ្ជាតិកម្ពុជា និងបរទេស ត្រូវបានបង្ក្រាបចាប់ដាក់ពន្ធនាគារ ហើយមួយចំនួនទៀត កំពុងត្រូវបានតាមស្វែងរកចាប់តាមដីកាតុលាការ និងនិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ។ នេះជាជោគជ័យដ៏ធំធេង នៃយទ្ធនាការ ដែលបានការគាំទ្រ និងសកម្មចូលរួម ទាំងសាធារណជនជាតិ និងអន្តរជាតិ»

សម្ដេចក្រឡាហោម នៅបានយកចិត្តទុកដាក់លើការងារបង្ការបង្ក្រាប បទល្មើសគ្រឿងញៀន ជាពិសេសការប្រើប្រាស់ដោយបំពាន គ្រឿងញៀន តាមបណ្ដាទីតាំងសប្បាយភាពពិសេស ក្លិបកំសាន្ត។ សម្ដចបានដាក់ចេញនូវវិធានការណ៍២ ដើម្បីអនុវត្តន៍រួមមាន៖

ទី១៖ វិធានការណ៍អប់រំ បង្កា៖

* ខិតខំណែនាំពន្យល់ឱ្យគ្រប់ម្ចាស់ទីតាំងទាំងអស់យល់ដឹងពីទោសកំហុស នៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងបណ្ដែតបណ្ដោយឱ្យកើតមានបទល្មើសនៅក្នុងទីតាំងរបស់ខ្លួន។
* បំផុសឱ្យចូលរួមសហការរាយការណ៍ជូនសមត្ថកិច្ចបន្ទាន់ពេលឃីញមានបទល្មើសនៅក្នុងទីតាំងរបស់ខ្លួន
* ម្ចាស់ទីតាំងត្រូវចុះកិច្ចសន្យាជូនសមត្ថកិច្ច។

ទី២៖ បើសិនជាម្ចាស់ទីតាំង ទាំងនោះនៅតែប្រព្រឹត្តល្មើស ឬបណ្ដែតបណ្ដោយឱ្យកើតមានបទល្មើសនៅក្នុងទីតាំងរបស់ខ្លួន ម្ចាស់ទីតាំងត្រូវប្រឈមនឹងទោសទណ្ឌ៖

* ដកហូតអាជ្ញាប័ន បញ្ឈប់អជីវកម្មបិទទីតាំង
* បញ្ជូនទៅតុលាការ ផ្ដន្ទាទោសតាមច្បាប់។

នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា ជារួមសម្ដេចក្រឡាហោម ស ខេង ប្រធានយុទ្ធនាការ មានបំណងប្រើវិធានការណ៍អប់រំជាអាទិ៍ភាព ដោយអប់រំ ពន្យល់ឱ្យម្ចាស់ទីតាំង ទាំងអស់ភ្ញាក់រលឹកម្ចាស់ ការបំបាត់បទល្មើសគ្រឿងញៀន នៅតាមទីតាំងរបស់ខ្លួន ហើយបើមិនភ្ញាក់រលឹក ទេនោះនឹងត្រូវប្រើវិធានអនុវត្តន៍ច្បាប់ស្រាវជ្រាវបង្ក្រាបតែម្ដង នេះមិនមែនមានន័យថា មិនបង្ក្រាបនោះទេ តែជាការបង្ក្រាបក្នុងរូបភាពធំដុំ និងព្រមៗ​គ្នាទៀតផង៕