(រតនគិរី)៖ គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ កន្លងទៅ ក្រោមអធិបតីភាព លោក ប៊ូ ថង សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងវត្តមានអនុប្រធានក្រុមការងារចុញជួយខេត្ត ប្រធាន អនុប្រធាន សមាជិក សមាជិកាគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ប្រមាណជិត៤០០នាក់ ។

លោក ប៊ូ ថង ក្នុងនាមសមាជិក សមាជិកាគណបក្សខេត្ត បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យ របស់គណបក្សប្រជាជនកម្ពុជាទាំងមូល ក៏ដូចជាគណនក្សខេត្តរតនគិរី ដែលទាំងនេះគឺជាសមិទ្ធផលដែលសមាជិកគណបក្សគ្រប់ផ្នែកបានខិតខំលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រកបដោយឆន្ទៈ ម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ រហូតទទួលបាននូវជោគជ័យដូចអ្វីដែលរំពឹងទុក។

ជាមួយគ្នានេះលោកក៏បានសម្តែងនូវការអបអរសាទរ ក្នុងការទទួលបានសេចក្តីទុកចិត្តពីរដ្ឋសភា នៃកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលជាការគោរពឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋដ៏ច្រើនលើសលុប ដែលបានបង្ហាញឆន្ទៈតាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ កាលពីពេលកន្លងទៅថ្មីៗនេះ។

លោក ថង សាវុន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានប្តេជ្ញាចិត្តអនុវត្តទៅតាមគោលនយោបាយជាយុទ្ធសាស្ត្ររបស់គណបក្ស សំដៅជំរុញកំណើនសេដ្ឋកិច្ច សង្គម វប្បធម៌ និងរួមចំណែក កសាងកម្ពុជាជារដ្ឋរឹងមាំ ជឿនលឿន ជំរុញកិត្យានុភាព និងឧត្តមភាពជាតិកាន់តែត្រូវបានលើកកម្ពស់ក្នុងក្របខណ្ឌតំបន់និងពិភពលោក តាមរយៈការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងខិតខំបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឲ្យសាកសមទៅនឹងអ្វីដែលពួកគាត់បានផ្តល់សេចក្តីទុកចិត្តតាមរយៈសម្លេងឆ្នោត៕