(រុស្សី)៖ លោកស្រី​នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំ ស្ដីពីគោលនយោបាយសកលប្រចាំឆ្នាំ របស់សហព័ន្ធបរិយាប័ន្នហិរញ្ញវត្ថុ (AFI) ក្រោមប្រធានបទ «នវានុវត្តភាព បរិយាប័ន្ន និងឥទ្ធិពល» ចាប់ពីថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងសូឈី ប្រទេសរុស្ស៊ី។

កិច្ចប្រជុំនេះមានការចូលរួមពីសមាជិករបស់ AFI ចំនួន១០៧ មកពី៩២ប្រទេស នៅជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកព័ត៌មាន និងបទពិសោធន៍ថ្មីៗអំពី ការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ការពង្រឹងការអនុវត្តផ្នែកទីផ្សារ និងការការពារអតិថិជន។

លោកស្រី នាវ ច័ន្ទថាណា បានចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី «ការវិភាគលម្អិតអំពី Blockchain ការយល់ដឹងអំពីទំនាក់ទំនងទៅនឹងបរិយាប័ន្នហិរញ្ញវត្ថុ»

ធនាគារជាតិនៃកម្ពុជា ត្រូវបានទទួលស្គាល់ថា ជាអ្នករៀបចំកម្មវិធីរបស់ AFI ល្អជាងគេក្នុងចំណោម ប្រទេស​ប្រទេសទាំង១៣ផ្សេងទៀត ដែលបានរៀបចំកម្មវិធីក្នុងអំឡុងឆ្នាំ២០១៧-២០១៨។ ក្នុងនោះលោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ក៏ទទួលបានរង្វាន់ឆ្នើម ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងគណៈកម្មាធិការជាន់ខ្ពស់អំពីបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី៕