(ភ្នំពេញ)៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យនិសិ្សតស្រីម្នាក់ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម​ ខណៈជិះម៉ូតូទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀត រួចដួល​ ក៏ត្រូវរ៉ឺម៉ក់កិនចំក្បាលស្លាប់ភ្លាមៗ ក្រោយមករ៉ឺម៉ក់បានព្យាយាមបើកគេចខ្លួនបាត់។​

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​៨និង៤០នាទី ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស មុខក្រុមហ៊ុន​ ហុងដាលក់ម៉ូតូ​ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។យុវតីរងគ្រោះឈ្មោះ លី សៀវហ្វុង អាយុជាង​២០ឆ្នាំ មុខ​របរ​និស្សិត ស្នាក់នៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​។

សន្តិសុខដែលយាមនៅក្រុមហ៊ុន​ ហុងដា​ បានប្រាប់ភ្នាក់ងារ​អង្គភាព​ Fresh News ឲ្យដឹងថា​ មុនពេលកើតហេតុ​ គាត់បានឃើញយុវតីម្នាក់​ជិះម៉ូតូ​មួយគ្រឿង​ ម៉ាក​ហុងដាស្កុបពី ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ 1FA-1335 ធ្វើដំណើរពីជើងទៅត្បូង ស្របទិសគ្នាជាមួយម៉ូតូរ៉ឺម៉ក់ តាមបណ្តោយផ្លូវព្រះមុនីវង្ស លុះមកដល់ចំណុចមុខក្រុមហ៊ុន​ ហុងដាលក់ម៉ូតូ​ ស្រាប់តែប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួល​ ស្របពេលនោះ ក៏មានម៉ូតូរ៉ឺម៉កបើកមកដល់កិនចំក្បាលបែកឈាមស្លាប់មួយរំពេចតែម្តង។

ក្រោយកើតហេតុ​ អ្នកបើកម៉ូតូរ៉ឺម៉កមិន បានឈប់នោះទេ ក៏បន្ថែមល្បឿនបើករត់គេចចេញពីកន្លែងកើតហេតុ​បាត់តែម្តង។ក្រោយមក​សមត្ថកិច្ចមូលដ្ឋា​នបានចុះមកដល់កន្លែងកើតហេតុ​ និងបានទាក់ទងទៅជំនាញសមត្ថកិច្ច​ចរាចរណ៍ជើងគោក​រាជធានីភ្នំពេញ​ ដើម្បីចុះមកធ្វើការវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុក​។ ចំណែកឯសាកសពរងគ្រោះខាងលើ​ ត្រូវសមត្ថកិច្ចំនាញធ្វើលិខិតស្នាមប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕