(ភ្នំពេញ)៖ ក្រោយពីបានទទួលការគាំទ្រ យ៉ាងច្រើនពីសំណាក់ទស្សនិកជន នៅប្រទេសកម្ពុជា ក្នុងការទស្សនាខ្សែភាពយន្តភាគថៃ ស្ថានទូត តំណាងពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជ ទូតថៃនៅរាជធានីភ្នំពេញ នឹងរៀបចំមហាស្រព ភាពយន្តថៃ លើកទី៣ ឆ្នាំ២០១៨ (Thai Film Festival 2018) នៅកម្ពុជា ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី១៣ ដល់១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅរោងភាពយន្ត Major Platinum Cineplex ស្ថិតនៅ ផ្សារទំនើប Aeon Mall សែនសុខ។

លោក ជីរ៉ាវុឍ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអង្គរាជទូតថៃ នៅរាជធានីភ្នំពេញបានថ្លែងក្នុងសន្និសីត សារព័ត៌មាននៅរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នេះថាកម្មវិធី Thai Film Festival 2018 ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញកិច្ចសហប្រតិបត្តិ ការរវាងអ្នកផលិតខ្សែរភាពយន្ត និងបណ្តាក្រុមហ៊ុនដែលពាក់ពន្ធ័ ជាមួយវិស័យ ឧស្សាហ៍កម្មភាពយន្ត របស់ប្រទេសកម្ពុជានិងថៃ។ នៅថ្ងៃដំបូង នៃការរៀបចំមហោស្រព ភាពយន្តថៃនេះ និងមានរៀបចំកម្មវិធី «ចាប់ដៃគូរពាណិជ្ជកម្ម» រវាងពាណិជ្ជករថៃ និងកម្ពុជា ដែលជាវេទិការដ៍សំខាន់ ក្នុងការចែករំលែកបទពិសោធន៍ និងបច្ចេកទេសនៃការថត និងការកាត់តភាពយន្ត ពីអ្នកជំនាញដូចជា៖ អ្នកផលិតភាពយន្ត អ្នកដឹកនាំសម្តែង និងអ្នកដែលមានទេពកោសល្យ ក្នុងវិស័យភាពយន្ត មកពីប្រទេសទាំងពីរ ។

លោក ជីរ៉ាវុឍ សុវណ្ណាអាត បានបន្តថា ខ្សែរភាពយន្តថៃ ចំនួន៤រឿង ដែលនឹងយកមកចាក់បញ្ចាំងជូនទស្សនា ដោយឥតគិតថ្លៃ នៅក្នុងរោងភាពយន្ត Major Platinum Cineplex Hall ៣ ផ្សារទំនើប Aeon Mall សែនសុខ ដែលអាចផ្ទុកទស្សនិកជន បានចំនួន២៦៦នាក់ ក្នុងមួយលើក។ រឿងទី១ ដែលនឹងចាក់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅម៉ោង៧ល្ងាច មានចំណងជើង ថា «Memories of New Year» (អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ) ដែលរឿងនេះ បានសម្តែងរួមគ្នា ដោយតារាសម្ដែង មកពីប្រទេសចំនួន៤ ដែលមានដូចជា ប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា។ រឿងទី២ «Premika Parab» (ខារ៉ាអូខេមរណៈ) ចាក់បញ្ចាំងជូនទស្សនា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង៧ល្ងាច។ រឿងទី៣ «Siam square» (ខ្មោចស្រីចាំអាគារ) ចាក់បញ្ចាំង ជូនទស្សនា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង១២ថ្ងៃត្រង់ និងរឿងទី៤ «Som Pak Sian (E-Sarn Love Story)» (រដឺនខកស្នេហ៍) ចាក់បញ្ចាំង ជូនទស្សនា នៅថ្ងៃទី១៦ ខែកញ្ញា នៅម៉ោង១២ថ្ងៃត្រង់។

សូមជម្រាបថា ក្នុងថ្ងៃបើសម្ពោធកម្មវិធីមហោស្រព ភាពយន្តថៃលើកទី៣នេះ នឹងមានតារាកិត្តិយសថៃ គឺលោក Chhakrit Yaemnam ដែលជាតួរសម្តែងក្នុងរឿង «Menmories of New Year» និងកញ្ញា Kaimook ដែលជាតួសម្ដែងក្នុងរឿង «Som Pak Sian» ព្រមទាំងមាន សិល្បករ សិល្បការិនី មកពីប្រទេសកម្ពុជាជាច្រើនរូប ចូលរួមជាភ្ញៀវកិត្តិយស ដែលកម្មវិធី សម្ពោធនេះ នឹងរៀបចំនៅរោងភាពយន្ត Major Platinum Cineplex ថ្ងៃទី 13 ខែកញ្ញា ឆ្នាំ2018 វេលាម៉ោង ៥ល្ងាច ស្ថិតនៅផ្សារទំនើប Aeon Mall សែនសុខ ៕