(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ នឹងអញ្ជើញជាអធិបតីភាព ប្រកាសតម្លើងឋានន្តរស័ក្តិ និងតែងតាំងមុខតំណែងដល់មេទ័ពកំពូលថ្មីចំនួន៣រូប រួមមាន៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

មេទ័ពកំពូល៣រូបនោះរួមមាន៖ នាយឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលត្រូវបានតែងតាំងជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ត្រូវបានតែងតាំងជា អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក។

ការប្រកាសតែងតាំងមេទ័ពទាំង៣រូប ធ្វើឡើងនៅវិមានសន្តិភាព ជាមួយនឹងការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី០៦ ដល់កងយោធពលខេមរភូមិន្ទផងដែរ៕