(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានបង្ហាញក្តីរំភើបរីករាយឥតឧបមា ដែលសម្តេចពញាចក្រី ហេង សំរិន ទទួលបានការគាំទ្រពីរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលទី៦។

ក្នុងលិខិតអបអរសាទរដែលធ្វើឡើងកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចចៅហ្វាវាំង គង់ សំអុល បានហៅការបោះឆ្នោតគាំទ្រនេះថា ជាសក្ខីភាពថ្មីមួយទៀត របស់សម្តេចពញាចក្រី ហេង សំរិន ដែលឆ្លុះបញ្ចាំងពីការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងសក្តានុពលដ៏ខ្លាំងក្លាបំផុត នាំមកនូវជោគជ័យដ៏ត្រចះត្រចង់ជូនរដ្ឋសភាជាតិ និងការជឿជាក់ពីគ្រប់មជ្ឈដ្ឋាននៅក្នុងប្រទេស ក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

សម្តេចចៅហ្វាវាំង គង់ សំអុល ក៏បានគោរពជូនពរជ័យសម្តេចពញាចក្រី ហេង សំរិន បានប្រកបដោយសិរីសួស្តី វិបុលសុខគ្រប់ប្រការ។

សូមបញ្ជាក់ថា នៅក្នុងសម័យប្រជុំរដ្ឋសភានាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ សមាជិក សមាជិកា នៃរដ្ឋសភាទាំងអស់ បានបោះឆ្នោតគាំទ្រសម្តេច ហេង សំរិន ជាប្រធានរដ្ឋសភា លោក ងួន ញ៉ិល អនុប្រធានទី២ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភានីតិកាលទី៦៕