(ចិន)៖ តំបន់ ឆាងឡ័រហ្វាង នៅក្រុងប៉េកាំងប្រទេសចិន កាលពីមុន ធ្លាប់តែជាផ្សារដែលសាងសង់ឡើងដោយខុសច្បាប់ និងជាកន្លែងចាក់សំរាម។ តែឥឡូវ គេបានកែច្នៃវាឱ្យទៅជាឧទ្យានព្រៃ សម្រាប់ឱ្យសាធារណៈជនចូលកំសាន្ត កាលពីពេលថ្មីៗនេះ។

ឧទ្យានព្រៃ ឆាងឡ័រហ្វាង ស្ថិតនៅលើផ្លូវ គ័ងវ៉ៃ ដែលជាចំនុចប្រសព្វរវាងខ័ណ្ឌស៊ីឆឹង និង ខ័ណ្ឌហ្វឹងថាយ នៅក្រុងប៉េកាំង ប្រទេសចិន។ ដោយខុសពីសួនឧទ្យានធម្មតាៗ ឧទ្យានព្រៃនេះ មានដើមឈើនិងផ្កាចំរុះប្រភេទតែម្តង។ ឯទេសភាពវិញ ក៏ត្រូវបានគេរចនាឡើងតាមស្តង់ដារអន្តរជាតិផងដែរ ដោយគេរៀបចំដើមឈើកម្ពស់ផ្សេងៗគ្នា និងរូបរាងផ្សេងៗគ្នា ដើម្បីឱ្យមនុស្សដែលដើរក្នុងឧទ្យាន មានអារម្មណ៍ថាដូចជាកំពុងដើរក្នុងព្រៃតូចមួយ ជាជាងមានអារម្មណ៍ថាកំពុងដើរក្នុងទីក្រុង។

លោកយាយ ឈួយ ឡានយីង ប្រជាពលរដ្ឋក្រុងប៉េកាំង និយាយថា «ខ្ញុំគិតថាវាពិតជាអស្ចារ្យណាស់។ វាជារឿងល្អណាស់ដែលទីក្រុងដ៏ចង្អៀតរបស់យើង មានទីធ្លាខ្លះសម្រាប់កំសាន្តនៅខាងក្រៅបែបនេះ»

ដោយលាតសន្ធឹងលើដីទំហំប្រហែល១ម៉ឺនម៉ែតការ៉េ ឧទ្យានព្រៃ ឆាងឡ័ងហ្វាង មានពីរផ្នែកផ្សេងៗគ្នា។ ផ្នែកទីមួយ ស្ថិតនៅក្បែរខ័ណ្ឌហ្វឹងថាយ ដែលធ្លាប់តែជាផ្សារលក់ទំនិញជាលក្ខណៈស្តង់ឬតូបតូចៗដែលខុសច្បាប់។ ផ្នែកទីពីរ ស្ថិតនៅលើដីមួយកន្លែង ដែលធ្លាប់ជាកន្លែងចាក់សំរាមដ៏ធំ។

ការិយាល័យផ្លូវគ័ងវ៉ៃ បានចាប់ផ្តើមបោសសំអាតសំរាម និងគ្រប់គ្រងការសាងសង់សម្រាប់តំបន់នេះ កាលពីចុងឆ្នាំ២០១៧កន្លងទៅ ដើម្បីប្រែក្លាយដីនេះ ឱ្យទៅជាឧទ្យានព្រៃសម្រាប់តុបតែងលម្អរខ័ណ្ឌដូចសព្វថ្ងៃវិញ។

លោក វ៉ាង ស៊ូគ័ង ប្រធានការិយាល័យផ្លូវ គ័ងអានមឹនវ៉ៃ និយាយថា «ផ្នែកទាំងពីរ មានទំហំសរុបប្រហែល១ម៉ឺនម៉ែតការ៉េ។ ផ្នែកទីមួយ មានទំហំជាង៦ពាន់ម៉ែតការ៉េ ឯផ្នែកទីពីរ មានទំហំជាង៣ពាន់ម៉ែតការ៉េ។ ប្រជាពលរដ្ឋជាង៣ម៉ឺននាក់ដែលរស់នៅក្នុងសហគមន៍ចំនួន៤ដែលនៅក្បែរនេះ អាចមកកំសាន្តនៅទីនេះបាន»

បូករួមទាំងឆាងឡ័រហ្វាង ក្រុងប៉េកាំងមានផែនការបង្កើតឧទ្យានព្រៃឱ្យបានសរុប២១ឧទ្យាន ក្នុងឆ្នាំ២០១៨នេះ។ ក្រុងប៉េកាំងកំពុងព្យាយាមបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងទីក្រុង តាមរយៈការផ្តល់កន្លែងដើរកំសាន្តបន្ថែម និងបង្កើនសម្រស់បរិស្ថានក្នុងទីក្រុង៕ (សារព័ត៌មាន CCTV របស់ចិន)