(កំពង់ចាម)៖ ជនសង្ស័យប្រុសស្រី៩នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ​​នៅចំណុចភូមិទី៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះ​កម្លាំងជំនាញខេត្ត សហការជាមួយជំនាញក្រុងកំពង់ចាម បានធ្វើការស្រាវជ្រាវ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់​០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ស្រីម្នាក់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទី១៖ឈ្មោះ អាន វ៉ាន់ឌី អាយុ២៥ឆ្នាំ នៅភូមិចុងថ្នល់១​ សង្កាត់បឹងកុក ក្រុងកំពង់ចាម, ទី២៖ឈ្មោះ ឆុង ប៊ុនថុង អាយុ២៣ឆ្នាំ នៅភូមិទី៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម, ទី៣៖ឈ្មោះ ម៉េង​ ហេងហេង​ អាយុ១៩ឆ្នាំ​ នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម, ទី៤៖ឈ្មោះ លី​ សុខណេង ​អាយុ២១ឆ្នាំ​ នៅភូមិទី៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម, ទី៥៖ឈ្មោះ គា វិសាល ​អាយុ២៣ឆ្នាំ នៅភូមិទី៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម, ទី៦៖ឈ្មោះ ផល គឹមលង់ អាយុ១៩ឆ្នាំ ​នៅភូមិទួលរការ ឃុំរអាង ស្រុកកំពង់សៀម, ទី៧៖ឈ្មោះ សូត្រ ដារ៉ូ អាយុ១៩ឆ្នាំ នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម, ទី៨៖ឈ្មោះ វី​ សុខ អាយុ១៧ឆ្នាំ នៅភូមិជរោទិ៍លើ​ ឃុំជរោទិ៍ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ និងទី៩៖ឈ្មោះ ថាន ចាន់វត្តី​ ភេទស្រី ​​នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន០៣កញ្ចប់តូច ម៉ូតូចំនួន០៥គ្រឿង និងទូរស័ព្ទចំនួន០៥គ្រឿង និងឧបករណ៍សេពមួយចំនួន។ បច្ចុប្បន្នជនសង្ស័យកម្លាំងនគរបាលជំនាញ កំពុងរៀបចំឯកសារសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី៕