(​ភ្នំពេញ​)៖​ លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានចេញដីកាមួយទៀតកោះហៅ លោក​ វន ពៅ​ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA) ឱ្យចូល​បំភ្លឺ​នៅ​សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី​៣០​ ខែ​កញ្ញា​ខាងមុខ​នេះ​ក្នុង​នាម​ជា​សាក្សី​ពាក់ព័ន្ធ​សំណុំរឿង​ លោក​ កឹម​ សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះបើតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ ដែលបានបញ្ជាក់ប្រាប់បណ្តាញអង្គភាព Fresh News នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨។

ការកោះហៅនេះធ្វើឡើងបន្ទាប់ពី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ដោយបន្តឃុំខ្លួន លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេល០៦ខែទៀតតាមនីតិវិធី ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំនោះឡើយ។

សូមបញ្ជាក់ថា ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ កាលពីយប់អាធ្រាត្រឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ​«ក្បត់​ជាតិ»​។ លោកត្រូវបានតុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ​ខេត្ត​ត្បូងឃ្មុំ ក្រោមការចោទ​ប្រកាន់​ពីបទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ។

បើតាមក្រមព្រហ្មទណ្ឌកម្ពុជា សន្ទិដ្ឋិភាពជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ឆ្នាំ​ដល់៣០​ឆ្នាំ។

ការចាប់ខ្លួន លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយនូវវីដេអូរបស់លោក ដែលសារភាពអំពីការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាអំពើក្បត់ជាតិ៕