(តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រគល់រថយន្ដពន្លត់អគ្គិភ័យ ចំនួន០៩គ្រឿង ជូនអធិការដ្ឋាននគរបាលស្រុកទាំង៩ ក្នុងខេត្តតាកែវ ដែលអំណោយរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។​

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានដាក់បញ្ជាយ៉ាងតឹងរឹងឲ្យ មានការគ្រប់គ្រងលើ​កម្លាំងអន្តរាគមន៍ និងកម្លាំងពន្លត់អគ្គភ័យ ធ្វើយ៉ាងណា​ត្រូវមានកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយអន្តរាគមន៍ បានទាន់ពេលក្នុងករណីមានអគ្គិភ័យកើតឡើងជាយថាហេតុណាមួយ ក្នុងភូមិសាស្ត្រនីមួយៗ។

លោកស្នងការ ជឿជាក់ថា រថយន្តទាំងនេះ ពិតជាបានជួយកាត់បន្ថយយ៉ាងច្រើន នូវទំហំនៃការខូចខាត និងភាពអន្តរាយ ដែលបង្កឡើងដោយករណីអគ្គិភ័យ។ ជាងនេះទៅទៀត លោកបានផ្តាំផ្ញើថា រថយន្តពន្លត់អគ្គិភ័យនេះ មិនត្រឹមតែយកទៅជួយកិច្ចការសង្រ្គោះបន្ទាន់ ដល់ពលរដ្ឋដែលជួបគ្រោះអគ្គិភ័យនោះទេ គឺអាចជួយសង្រ្គោះដល់ពលរដ្ឋ ដែលជួបគ្រោះរាំងស្ងួត និងបាតុភាព ហានិភ័យផ្សេងទៀត ជូនទៅពួកគាត់ដែលចាំបាច់។

​​សូមជម្រាបថា ​​សម្ដេចក្រឡាហោម ស ខេង ​នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ បាន​អញ្ជើញប្រគល់រថយន្ដពន្លត់អគ្គិភ័យ ចំនួន៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត ដែលរថយន្តទាំងនោះ ផ្គត់ផ្គង់ដោយ​​​ក្រុម​ហ៊ុន ខេ អិន អិន(ខេមបូឌា)។

សម្ដេចក្រឡាហោម ស​ ខេង បានជំរុញអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវបង្កើនវិធានការអប់រំណែនាំ ដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹង និងសកម្មចូលរួមក្នុងចលនាបង្ការ និងពន្លត់អគ្គិភ័យនៅមូលដ្ឋាន ពិសេសឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នគ្រប់ពេល ចំពោះដើមចមដែលអាចបង្កឲ្យកើតមានអគ្គិភ័យ៕