(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន២៥៥គ្រួសារ។

ប្រជាពលរដ្ឋក្រីក្រទាំង២៥៥គ្រួសារនោះ រួមមាន៖ ចាស់ជរា៧៦គ្រួសារ, ជនពិការ ៣៤គ្រួសារ, អ្នកផ្ទុកមេរោគអេដស៍ ១៤គ្រួសារ, កុមារកំព្រា ៦គ្រួសារ, និងក្រីក្រ ១២៥គ្រួសារ ដែលមកពីឃុំទាំង១៦ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។

ពិធីនេះ រៀបចំនៅបរិវេណទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក និងមានការចូលរួមពីលោក លោកស្រី ជាហេរញ្ញឹក សមាជិក សមាជិកាគណកម្មាធិការសាខា គណកិត្តិយសសាខា លោកនាយក នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងកងកម្លាំងទាំងបី ប្រធានក្រុមប្រឹក្សាស្រុក និងលោកអភិបាលស្រុករមាសហែក ព្រមទាំងលោក លោកស្រីជាសមាជិក សមាជិកាគណកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក ជាច្រើនរូបទៀត។

លោក ម៉ែន វិបុល បាននាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករឭកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមនៅថ្ងៃនេះ និងនៅក្នុងស្រុករមាសហែកទាំងមូល ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង មិនថាជិត ឬឆ្ងាយនោះទេ។

លោកបន្តថា បើទោះបីជាសម្ដេច មិនបានអញ្ជើញមកដោយផ្ទាល់ ប៉ុន្តែលោកបានក្រើនរំឭក ណែនាំ និងស្នើដល់សាខា អនុសាខាកាកបាទក្រហមកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែឧស្សាហ៍ចុះជួបជួយសង្គ្រោះ និងដោះស្រាយនូវបញ្ហារបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា នៅពេលដែលបានដឹង ឮ និងទទួលព័ត៌មានថាមានបងប្អូនប្រជាពលរដ្ឋកំពុងជួបនូវការលំបាក ឆ្លើយតបទៅនឹងគោលការណ៍គ្រឹះ របស់កាកបាទក្រហមកម្ពុជា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា។

លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះជារដូវភ្លៀង រដូវទឹកឡើង ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ លង់ទឹក សត្វអសិរពិសចឹក ឬខាំ និងបញ្ហាសុខភាពកូនចៅបណ្ដាលមកពីមូសខ្លាំខាំ ជាដើម ហើយក្នុងករណីមានបញ្ហាអ្វីកើតឡើងក្នុងគ្រួសារ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ដើម្បីមានវិធានការចុះអន្តរាគមន៍ជួយដោះស្រាយឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូននៅថ្ងៃនេះ សម្រាប់គ្រួសារនីមួយៗ ទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ៦ដប, ត្រីខ១០កំប៉ុង, កន្ទេលជ័របត់១, ឃីត១កញ្ចប់ (មាន៤មុខ គឺភួយ មុង សារុង និងក្រមា), និងថវិកាធ្វើដំណើរ ៤០,០០០រៀល៕