(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១០ ខែកញ្ញា​ ឆ្នាំ២០១៨ តទៅ ត្រីភាគីដែលមានភាគីរាជរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីព នឹងចាប់ផ្តើមពិភាក្សាត្រីភាគីអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ។

បើតាមសេចក្តីថ្លែងការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា តាមរយៈការពិភាក្សារបស់សមាជិកគណៈកម្មការប្រឹក្សាការងារ ដែលមានសមាសភាពមកពីភាគីរាជរដ្ឋាភិបាល ១៦រូប ភាគីនយោជក ១៦រូប និងភាគីសហជីព ១៦រូបដែរនោះ​ កិច្ចប្រជុំសម្រេចបានលទ្ធផលដូចខាងក្រោម៖

១៖ បន្តប្រើប្រើប្រាស់យន្តការក្រុមការងារបច្ចេកទេសត្រីភាគី ដែលមានសមាសភាពចំនួន ១៦រូប មកពីភាគីនីមួយៗ ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា។ ក្រុមការងារនេះ នឹងចាប់ផ្តើមប្រជុំពិភាក្សាចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

២៖ បន្តប្រើប្រាស់លក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ​ និងកម្រិតចំណេញរបស់វិស័យ) ដើម្បីធ្វើជាមូលដ្ឋានសិក្សា ព្រមទាំងជាអនុសាសន៍ដល់គណៈកម្មការប្រឹក្សាការងារដើម្បីពិនិត្យសម្រេច។

សូមជម្រាបថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា បានចាប់ផ្តើមដំឡើងកាន់តែខ្ពស់ជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ហើយកាលពីឆ្នាំ២០១៨ ប្រាក់ឈ្នួលរបស់កម្មករក្នុងវិស័យទាំងនេះបានកើនដល់ចំនួន ១៧០ដុល្លារអាមេរិក ក្នុងមួយខែ៕