(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លាង សំណាត់ បានចេញដីកាបង្គាប់ឲ្យលោក គឹម សុខ ចូលខ្លួនទៅតុលាការនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ និងញុងញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ នេះបើយោងតាមដីបង្គាប់ឲ្យចូលខ្លួនរបស់តុលាការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃត្រង់ទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ដីកាបង្គាប់ឲ្យចូលខ្លួនរបស់តុលាការ បានបញ្ជាក់យ៉ាងដូច្នេះថា «បង្គាប់មកឈ្មោះ គឹម សុខ ភេទប្រុស អាយុ៣៨ឆ្នាំ កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៨០ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់វត្តភ្នំពេញ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (អាសយដ្ឋានចុងក្រោយ) ឲ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទប់ «ឈ» ជាន់ទី៤ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៨៖៣០នាទីព្រឹក ដើម្បី៖ មកសាកសួរយកចម្លើយពីដំណើររឿង៖ បរិហាកេរ្ដិ៍ជាសាធារណៈ, ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»

ជាមួយគ្នានេះ លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គមនៅកម្ពុជា ដែលទើបត្រូវដោះលែងចេញពីពន្ធនាគារ បានរត់គេចខ្លួនទៅដល់ប្រទេសថៃបាត់ហើយ។ នេះជាការបញ្ជាក់ពី លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃត្រង់នេះ លោក គឹម សុខ ពិតជាបានរត់គេចខ្លួនទៅដល់ប្រទេសថៃហើយ តាមច្រករបៀង ហើយនៅពេលនេះ សមត្ថកិច្ចកម្ពុជារបស់យើង កំពុងសហការជាមួយជាមួយសមត្ថកិច្ចរបស់ថៃ ដើម្បីតាមស្វែងរកលោក គឹម សុខ។

សូមបញ្ជាក់ថា លោក គឹម សុខ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីអនុវត្តទោសចប់សព្វគ្រប់ ពោលបានជាប់ពន្ធនាគារ អស់រយៈពេលប្រមាណ ១៨ខែ។

លោក គឹម សុខ កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ២០១៧កន្លងទៅ ត្រូវបានចៅក្រម​ជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញទ្ធី សម្រេច​ផ្ដន្ទាទោសដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ប្រាក់ចំនួន ៨លាន​រៀល រួម​នឹង​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់​ដើមបណ្តឹង ៨០០​លាន​រៀល ក្រោមការចោទប្រកាន់ពី​បទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍។

ការផ្តន្ទាទោសនេះ ធ្វើឡើងតាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្ស​ប្រជាជន​កម្ពុជាថា ​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក កែម ឡី។

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​ព្រមានខ្លាំងៗថា នឹងប្ដឹងអ្នក​វិភាគសង្គម លោក គឹម សុខ ដាក់ពន្ធនាគារវិញ ប្រសិនបើមិនសងប្រាក់សំណង ៨០០លានរៀល ស្មើនឹងប្រមាណ២០ម៉ឺនដុល្លារមកឲ្យគណបក្សប្រជាជនកម្ពុជាទេនោះ៕