(ក្រចេះ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តត្បូងឃ្មុំ បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្នួល ខេត្តក្រចេះ បានបើកប្រតិបត្តិការចុះទៅបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុ និងឃាត់ខ្លួនស្ត្រីម្នាក់ជាប្រពន្ធជនសង្ស័យ បន្ទាប់ពីប្តីបានរត់គេចខ្លួនបាត់ស្រមោល។

ប្រតិបត្តិការបង្កាបនេះ ត្រូវបានធ្វើឡើង កាលពីល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

​មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនស្រុកស្នួល បានឲ្យដឹងថា កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនខេត្តត្បូងឃ្មុំ បានពន្លាតដែនដី សហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្នួល នៃអធិការដ្ឋាននគរបាលស្រុកស្នួល និងមានការបញ្ជាផ្ទាល់ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ និងលោក ហៀង សុភក័្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ។

ពេលកម្លាំងទាំងពីរ ឮចុះទៅដល់មុខសញ្ញា ជនសង្ស័យឈ្មោះ ស្រ៊ន ខុម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ បានរត់គេចខ្លួនហើយ តែកម្លាំងបានធ្វើការឃាត់ខ្លួនប្រពន្ធឈ្មោះ ខឿន ផាត់យ៉ា អាយុ២២ឆ្នាំ ជនជាតិខ្មែរ។

កម្លាំងសមត្ថកិច្ច បានធ្វើការឆែកឆេរលំនៅដ្ឋាន និងធ្វើការដកហូតវត្ថុតាង រួមមាន៖​ ម្សៅក្រាមពណ៌សង្ស័យថាជាគ្រឿងញៀន ចំនួន០៤កញ្ចប់ធំ, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០៤គ្រឿង, ដាវចំនួន០២ដើម, និងសម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួ​នធំ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកស្នួល ប្រគល់ឲ្យកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនខេត្តត្បូងឃ្មុំ យកទៅចាត់ការបន្តតាមនីតិវិធី៕