(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង​ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសុខភាព ក្រោយទឹកជំនន់ស្រក ដែលអាចនឹងមានជំងឺរាតត្បាតមួយចំនួនកើតឡើង ដូចជា ជំងឺរាក ជំងឺគ្រុនឈាម ជំងឺកមរមាស់ និងជំងឺព្រូន ជាដើម។

តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពី ការបង្ការបញ្ហាសុខភាព ក្រោយទឹកជំនន់ស្រក ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ដើម្បីទប់ស្កាត់បញ្ហាទាំងនេះ ប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តន៍វិធានការការពារសុខភាព ដូចខាងក្រោម៖

* ត្រូវបន្តបរិភោគចំណីអាហារស្អាត-ឆ្អិនល្អ ពិសា និងប្រើប្រាស់ទឹកស្អាត ព្រមទាំងអនាម័យខ្លួនប្រាណ និងឧស្សាហ៍សំអាតដៃនឹងសាប៊ូ រាល់ពេលចំអិនអាហារ មុនពេលបរិភោគ និងក្រោយពេលបន្ទោរបង់

* ត្រូវសំរាន្តក្នុងមុង ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗដែលឆ្លងដោយសារមូស

* ត្រូវពិនិត្យមើលផ្ទះសម្បែង ក្រែងមានបាក់ស្រុតនាំឱ្យមានគ្រោះថ្នាក់ ប្រុងប្រយ័ត្នក្រែងមានសត្វពស់ ឬសត្វអសិរពិសផ្សេងៗនៅទីនោះ ដែលអាចចឹកឬខាំ

* ត្រូវសំអាតបរិស្ថានជុំវិញផ្ទះ និងក្នុងផ្ទះ ព្រោះក្រោយពេលទឹកស្រកទៅ បានបន្សល់នូវភាពកខ្វក់ កាកសំនល់ និងមេរោគជាច្រើន។

* ត្រូវលុបថ្លុក ឬកន្លែងដែលមានទឹកដក់ជុំវិញផ្ទះនាំឱ្យមានដង្កូវទឹក នាំឱ្យកើតមូសខ្លា និងមូសដែកគោល ដែលបង្កឱ្យមានជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ

* ចាំបាច់ត្រូវស្តារ និងសំអាតអណ្តូងទឹកឡើងវិញមុននឹងប្រើប្រាស់

* ជួសជុល និងសង់បង្គន់ឡើងវិញ ដោយជានិច្ចកាល ត្រូវបន្ទោរបង់ក្នុងបង្គន់គ្រប់ពេល

* ហាលកំរាល ឬសម្ភារៈប្រើប្រាស់ដែលសើម និងបើកទ្វារ បើកបង្អួចទាំងអស់ ឱ្យមានលំហូរខ្យល់ចេញចូលគ្រប់គ្រាន់ក្នុងផ្ទះ ដើម្បីកុំឱ្យដុះផ្សិតដែលបង្កឲ្យមានជំងឺរាករូស និងជំងឺផ្លូវដង្ហើម

* ចៀសវាងប៉ះខ្សែភ្លើង ដែលបានធ្លាក់ចុះ និងត្រូវប្រុងប្រយ័ត្ន អាចមានបំណែកកញ្ចក់ ឬដែកស្រួចនៅក្នុងបរិវេណផ្ទះ ដែលអាចនាំឱ្យមុតឬរបួស។

ប្រសិនបើមានបញ្ហាសុខភាព សូមលោកអ្នកទៅពិនិត្យនិងព្យាបាល នៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នក។

ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល ក៏លើកទឹកចិត្តឱ្យសាធារណជនទូទៅ អនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារអ្នក និងក្រុមគ្រួសារអ្នក ពីជំងឺដង្កាត់ផ្សេងៗ។

ក្រសួងសុខាភិបាល នឹងបន្ដធ្វើការជូនដំណឹងអំពីការវិវត្តនៃបញ្ហាសុខភាព តាមគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh  និងហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។

សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ដោយឥតគិតថ្លៃ «១១៥» ទោះគ្មានថវិកាក្នុងទូរស័ព្ទរបស់លោកអ្នក ក៏អាចទូរស័ព្ទចូលបានដែរ ឬទំនាក់ទំនង៖ ក្រសួងសុខាភិបាល
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ៖ ០១២ ៨២៥ ៤២៤ ៕