(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារសាងសង់ និងស្ថាប័នពាក់ព័ន្ធ បើកកិច្ចប្រជុំ និងដាំដើមឈើមានតម្លៃ នៅក្នុងបរិវេណវិមានឈ្នះ-ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន,​ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយស្តីទីសេនាធិការចម្រុះ មេបញ្ជាការស្តីទីកងទ័ពជើងគោក, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ, លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ រួមជាមួយក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ យ៉ាងច្រើនកុះករផងដែរ។

វិមានឈ្នះ ឈ្នះ ដែលជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា ហើយកំពុងសាងសង់ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយគ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ។

រហូតមកដល់ពេលនេះ វិមានឈ្នះ-ឈ្នះ បានសាងសង់ផ្នែកតួវិមានជិតរួចរាល់ហើយ។ ពិធីសម្ពោធនឹងត្រូវធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមរំឭកថា វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិចតា។ យ៉ាងណាក៏ដោយ គេមិនបានបញ្ជាក់ថា ការចំណាយនូវការសាងសង់ អស់ថវិកាប៉ុន្មាននោះឡើយ។

ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូបនៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕