(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសស្រាល៤នាក់ និងរបួសធ្ងន់២នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦គ្រឿង, រថយន្ដធុនតូច៣គ្រឿង, កង់១គ្រឿង និងរថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនប្រកាន់ស្ដាំ, កត្តាយានយន្ដ និងមិនគោរពសិទ្ធិ។

រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើង១៧លើក ស្លាប់៩នាក់ និងរបួស២៤នាក់៕