(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ ក៏បានផ្តាំផ្ញើដល់សមាជិក នៃគណបក្សប្រជាជនទាំងអស់ ឱ្យបន្តខិតខំធ្វើការបម្រើប្រជាពលរដ្ឋ ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍ ដែលដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០២​ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកទេសរដ្ឋមន្ត្រី រួមជាមួយ លោក វ៉ី សំណាង អភិបាលខេត្តកំពអ់ស្ពឺ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ បានប្រាព្ធពិធីប្រជុំបូកសរុបលទ្ឋផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ ឆ្នាំ២០១៨​ របស់ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនេះដែរ លោកទេសរដ្ឋមន្ត្រី ក៏លើកឡើងថែមទៀតថា មន្ត្រីទាំងអស់ត្រូវតែខិតខំបន្តចុះជួយពលរដ្ឋនៅមូលដ្ឋានឈរលើស្មារតីស្មោះត្រង់ ទទួលខុសត្រូវខ្ពស់ និងកាន់តែសកម្មទូលំទូលាយ និងមានប្រសិទ្ធភាពថែមទៀត ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ បន្តអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ ដោយមិនត្រូវធ្វើការរើសអើង ប្រកាន់និន្នាការនយោបាយ លាបពណ៌ ចោទប្រកាន់គ្នា ដែលអាចឈានទៅបែកបាក់សាមគ្គីជាតិ។

លោក វ៉ី សំណាង បានលើកឡើងដោយមោទនភាពថា លើពិភពលោកមានតែប្រទេសកម្ពុជាមួយគត់ ដែលមានប្រជាជនទៅបោះឆ្នោតច្រើនជាងគេ ក្នុងខណៈក្រុមបក្សប្រឆាំងបានធ្វើយុទ្ធនាការមិនឱ្យប្រជាជនទៅបោះឆ្នោតដូចជា៖ «យុទ្ធនាការដេកផ្ទះឈ្នះស្អាត» «ដេកផ្ទះឈ្នះឯង ម្រាមដៃស្អាត»។ល។ ប៉ុន្តែប្រជាពលរដ្ឋមិនបានធ្វើតាមឡើយ បែរជាទៅបោះឆ្នោតដ៏ច្រើនលើសលុប នេះហើយជាសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យពិតៗ តាមរយៈការបញ្ចេញមតិ រួមទាំងការបោះឆ្នោតត។

លោក វ៉ី សំណាង បានបន្ថែមថា ក្នុងសភា១២៥កៅអី បានមកពីការប្រឹងរបស់ក្រុមការងារចុះតាមមូលដ្ឋាន ធ្វើឲ្យពលរដ្ឋសប្បាយចិត្ត ទទួលបានភាពយុត្តិធម៌ ទទួលបានការអភិវឌ្ឍន៍ ទើបគាត់បានបោះឆ្នោតជូន CPP ទទួលជ័យជម្នះដ៏លើសលុបនេះ។ ហើយបន្ទាប់ពីទទួល បានជ័យជម្នះនេះ រដ្ឋបាលគ្រប់លំដាប់ថ្នាក់ត្រូវបម្រើប្រជាជនទ្វេដង ដើម្បីឱ្យពលរដ្ឋមានជម្រើស មានជំនឿចិត្តច្រើនមកលើគណបក្សប្រជាជន និងទទួលបានគោលនយោបាយដ៏ត្រឹមត្រូវពីគណបក្សប្រជាជន៕