(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨នេះ នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជូនក្រុមជនសង្ស័យចំនួន០៤នាក់ ពាក់ពន្ធ័ករណី «លួចមានស្ថានទោស» និងមានផ្ទុកនូវសារជាតិគ្រឿងញៀន ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី។

តាមរបាយការណ៍បានបង្ហាញថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២០៖៥០នាទី កម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបង្រ្កាបបានករណីឆក់កាបូបពីបុរសម្នាក់ ក្នុងភូមិសាស្រ្ត សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០៨នាក់ ម៉ូតូ០៥គ្រឿង ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ទី១-ឈ្មោះ ចែម ចាន់ថូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកជិះម៉ូតូបិទគូទ) ធ្លាប់ជាប់ពន្ធនាគារ មានសារធាតុញឿន និងទី២៖ ឈ្មោះ កង ម៉េងរ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកជិះម៉ូតូបិទគូទ) មានសារធាតុញឿន។

ដោយមានការយកចិត្តទុកដាក់ ចង្អុលបង្ហាញពីប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួល ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានបន្តការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ លី ហាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកបើកម៉ូតូធ្វើសកម្មភាពឆក់) មានសារធាតុញៀន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥៖៣០នាទី។ លុះមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥៖១០នាទី កម្លាំងការិយាល័យបានឃាត់ខ្លួនឈ្មោះ ស៊ុន លាងហាក់ ហៅ សិដ្ធ ភេទប្រុស អាយុ១៧ឆ្នាំ (ជាអ្នកធ្វើសកម្មភាពឆក់កាបូប) មានសារធាតុញឿន យកមកកាន់ការិយាល័យជំនាញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានមន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី៕