(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបង្ហាញមុខសញ្ញាក្រុមចោរពីរនាក់ឱពុក និងកូន ដែលធ្វើសកម្មភាពដើរកាត់សោ នៅតាមសាលារៀននានា នៅក្នុងខេត្តកំពង់ធំ ដើម្បីយកសម្ភារ និងទ្រព្យសម្បិត្តមានតម្លៃអស់ជាច្រើន។

ឧត្តមសេនីយ៍ទោ អ៊ុក កុសល បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំ ឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨នេះ ថា បង្ហាញមុខសញ្ញាប្រព្រឹត្តបទល្មើស «កាត់សោទ្វាបន្ទប់លួចសម្ភារក្នុងសាលារៀន» ខាងលើនេះបានធ្វើសកម្មភាពយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន, ស្រុកកំពង់ស្វាយ, ស្រុកសន្ទុក, ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ អ៊ុក កុសល បានបន្តថា ប្រតិបត្តិការណ៍បង្ក្រាបនេះ ធ្វើឡើងក្រោមការសម្របសម្រួលរបស់លោកព្រះរាជអាជ្ញាខេត្តកំពង់ធំ បានដឹកនាំសមត្ថកិច្ចចុះឆែកឆេរនៅផ្ទះ របស់ជនសង្ស័យ និងដកហូតបានសម្ភារសាលារៀនមួយចំនួនដូចជា៖ អាំងវ័រទ័រចំនួន០២គ្រឿង, ម៉ាញ៉េចំនួន០១គ្រឿង, ម៉ាស៊ីនព្រីនចំនួន១គ្រឿង, ឧបករណ៍បំពងសំឡេងចំនួន៤គ្រឿង, អាគុយចំនួន០១គ្រឿង, ម៉ូទ័របូមទឹកចំនួន២គ្រឿង, ក្បាលបញ្ចាំងវីដេអូចំនួន១គ្រឿង, ជញ្ជីងចំនួន២ គ្រឿង,ម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង, នាឡិការចំនួន គ្រឿង, ម៉ាស៊ីនកិនទឹកកកចំនួន១គ្រឿង, ម៉ាស៊ីនទូរទស្សន៍ចំនួន២គ្រឿង, ឡូភ្លើងចំនួន១ ដុំ,ផ្លែចបកាប់ដីចំនួន២ផ្លែ។

លោកស្នងការខេត្ត បានបន្ថែមទៀថា ជនសង្ស័យទាំងពីរនាក់ខាងលើមានឈ្មោះ ហូ ឡូត ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវជាឳពុក និងទី២៖ ឈ្មោះ នាង សុខឡី ហៅ ចិត្រា ស្រូយ ភេទប្រុស អាយុ១៥ឆ្នាំ ត្រូវជាកូនរស់នៅភូមិ ព្នៅ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ វត្ថុតាងដកហូតបានវត្ថុតាង រួមមាន៖​ ម៉ូតូ១គ្រឿង, ដង្គាប់ចំនួន១, ដង្កាប់អូតូម៉ាទិចចំនួន១, កន្ត្រៃសម្រាប់កាត់ដែកចំនួន២គ្រឿង, ឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន។

ជាមួយគ្នានេះឧត្តមសេនីយ៍ អ៊ុក កុសល ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ចូលរួម ក្នុងការអនុវត្តតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងបើសិនជាបងប្អូនប្រជាពលរដ្ឋ បានជួបប្រទះជនខិលខូច សូមរាយការណ៍ មកសមត្ថកិច្ច ដើម្បីអោយសមត្ថកិច្ច មានវិធានការ ត្រួតពិនិត្យ នែនាំអប់រំ អោយកែប្រែ ដើម្បីកុំអោយពាក់ព័ន្ធឈានទៅការប្រព្រឹត្តបទល្មើស ដូចជនសង្ស័យទាំង២នាក់ខាងលើនេះ ។ ករណីនេះសមត្ថកិច្ចយើងកំពង់កសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ចូនទៅសាលាដំបូងខេត្តកំពង់ធំ៕